សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយទុរគតម្នាក់

កំពង់ចាម : ព្រឹកថ្ងៃសៅរ៍ទី៨ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត ឯកឧត្តម ចាន់ សុភា ប្រធានក្រុមការងារចុះជួយឃុំអង្គរបាន ព្រមទាំងមន្រ្តីជាច្រើនរូប
បាននិមន្ត និង អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបាន ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ  រស់នៅ ភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស។

លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគតរស់ ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកម្សត់តែពីរនាក់ ចៅប្រុសមួយនាក់ ខណៈឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះមានទាំងជំងឺប្រចាំកាយថែមទៀត។ សព្វលោកយាយថ្ងៃរស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ បណ្ណសមធម៌ ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។ 

ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ  ១៣ម៉ែត្រគុណនឹង២២ម៉ែត្រក្នុងភូមិអង្គរបានទី៧ ។ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ដូនចាស់ជរារូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅបានឡើយ ។

តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយ មើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រមួយខ្នង រួមជាមួយបង្គន់អនាម័យមួយដែលមានតម្លៃសរុបជិត១២លានរៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជនជាក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ ប៊ន់ សេងងួន  សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរា  សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០ម៉ឺនរៀល។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត    ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕
ដោយៈលី ពៅ

ads banner