អវកាសយានិកអាមេរិក នៃបេសកកម្ម Apollo 8 ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅវ័យ ៩០ឆ្នាំ

វ៉ាស៊ីនតោន៖ លោក William Anders ដែលជាអតីតអវកាសយានិកអាមេរិក ដែលបានថតរូបភាពផែនដីជាប្រវត្តិសាស្ត្រពីលំហអាកាស កាលពីជាង ៥៥ឆ្នាំមុន បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃសុក្រទី០៧ ខែមិថុនា ក្នុងអាយុ ៩០ឆ្នាំ នេះបើតាមការបញ្ជាក់របស់គ្រួសាររបស់គាត់។

កូនប្រុសរបស់គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក William Anders បានបើកយន្តហោះខ្នាតតូចមួយគ្រឿងតែម្នាក់ឯង នៅពេលដែលវាធ្លាក់នៅក្បែរឆ្នេរកោះ Jones Island នៅភាគខាងជើងទីក្រុង Seattle នៃរដ្ឋ Washington។

ស្របពេលជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារអវកាស NASA លោក Bill Nelson បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា នៅឆ្នាំ ១៩៦៨ អំឡុងបេសកកម្ម Apollo 8 លោក William Anders បានផ្តល់ដល់មនុស្សជាតិ នូវអំណោយដ៏ស៊ីជម្រៅបំផុតមួយ ដែលអវកាសយានិកម្នាក់អាចផ្តល់ឱ្យ។ លោក Anders បានផ្តិតយករូបភាពអស្ចារ្យមួយនោះ កាលពីពេលធ្វើដំណើរទៅហោះក្រឡឹងជុំវិញឋានព្រះចន្ទ… យើងនឹងនឹករលឹកដល់គាត់។

សូមរម្លឹកថា សមាជិកនៃបេសកកម្ម Apollo 8 នៅខែធ្នូ ឆ្នាំ១៩៦៨ លោក Anders បានក្លាយជាមនុស្សដំបូងគេ ដែលធ្វើដំណើរជុំវិញឋានព្រះចន្ទ រួមជាមួយនឹងជនជាតិអាមេរិក Frank Borman និង James Lovell។ ក្រុមអវកាសយានិកបានវិលជុំវិញឋានព្រះចន្ទចំនួន ១០ដង ប៉ុន្តែមិនមានការចុះចតទេ មុនពេលវិលត្រឡប់មកផែនដីវិញដោយជោគជ័យនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៦៨៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner