ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលការចូលជួបជម្រាបលារបស់ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលចប់អាណត្តិបេសកកម្ម

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ម៉ូហាមេដ អាប់ឌុល ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចំពោះការបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកអំពីទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅបង់ក្លាដែស កាលពីឆ្នាំ២០១៤ និង ទស្សនកិច្ចផ្លូវការរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់កា្លដែស នៅកម្ពុជា កាលពីឆ្នាំ២០១៧ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងបង់ក្លាដែស។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner