កូរ៉េខាងជើងបញ្ជូនបាឡុងផ្ទុកសំរាមចូលទឹកដីកូរ៉េខាងត្បូងសាជាថ្មី

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងម្តងទៀតបានបញ្ជូនបាឡុង ឬប៉ោងប៉ោងផ្ទុកសំរាមសាជាថ្មីទៀតហោះចូលទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសកម្មជនប្រឆាំងទីក្រុងព្យុងយ៉ាងនៅកូរ៉េខាងត្បូងទើបបង្ហោះប៉ោងប៉ោងជាមួយខិត្តប័ណ្ណប្រឆាំងនឹងលោក គីម ជុងអ៊ុន។

អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងកំពុងបង្ហោះប៉ោងប៉ោងសាជាថ្មីទៀត ដែលផ្ទុកទៅដោយសំរាមឆ្ពោះទៅភាគខាងត្បូង និងបានណែនាំសាធារណជនកុំឱ្យប៉ះប៉ោងប៉ោងទាំងនោះ ប្រសិនបើប្រទះឃើញ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ។

រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏ដូចជាខេត្ត Gyeonggi ក៏បានផ្ញើការជូនដំណឹងស្រដៀងគ្នានេះ ទៅកាន់អ្នកស្រុកកាលពីថ្ងៃសៅរ៍ផងដែរ ដោយព្រមានអំពីការបង្ហោះប៉ោងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើងសាជាថ្មី។

សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនស្ថិតក្នុងការប្រុងជើងការ ពាក់ព័ន្ធនឹងការបង្ហោះប៉ោងប៉ោងផ្ទុកសំរាមបន្ថែមទៀតចេញមកពីកូរ៉េខាងជើង ដែលនេះជាការឆ្លើយតប ចំពោះប៉ោងប៉ោងឃោសនា ដែលបានផ្ញើនៅសប្តាហ៍នេះ ដោយសកម្មជនកូរ៉េខាងត្បូងប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនប៉ោងប៉ោងរាប់រយចំនួនពីរលើកកាលពីសប្តាហ៍មុន ជាមួយនឹងថង់សំរាម ខោអាវចាស់ៗ កន្ទុយបារី ព្រមទាំងលាមកចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង ដោយពណ៌នាថា វាជាការឆ្លើយតបទៅនឹងការបង្ហោះប៉ោងប៉ោងឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនដោយក្រុមសកម្មជនកូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner