ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការវាស់វែងផ្តល់បណ្ណកម្មសិទ្ធិ គឺធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ អចលនទ្រព្យសម្រាប់ពលរដ្ឋគ្រប់រូប

(កណ្តាល)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីបង្ហើយ គឺ
ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,៩៥១ប័ណ្ណ ជូនប្រជាពលរដ្ឋ ៩ភូមិ គឺភូមិបែកថ្លាង ភូមិដំបូកមានលក្ខណ៍ ភូមិកំណប់ ឃុំទំនប់ធំ ភូមិកាកាប ភូមិតាអោក ភូមិស្តែងមានជ័យ ភូមិ ស្តុកតាចាន់ ភូមិទស្សាស្វិត និងភូមិពង្រឃុំឃ្លាំង ស្រុកពញាឮ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការចុះបញ្ជីជាប្រព័ន្ធនេះរួចរាល់ និងមាននូវទិន្នន័យក្នុងដៃ ហើយឈានដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធអេឡិចត្រូនិក គឺចង់ទៅរកអាជ្ញាធរ ឬមន្ត្រីជំនាញជួយ លើការងារលក់ដូរដីធ្លី ការចែកដីធ្លីដល់កូនចៅដោយផ្ទាល់ក៏បាន ឬអាចធ្វើតាមប្រព័ន្ធបច្ចេកវិទ្យានេះក៏បាន គឺងាយស្រួល ចំណេញពេលវេលា និងថវិកា ហើយគម្រោងរបស់ក្រសួង នឹងឈានដល់មួយកម្រិតទៀត ការកំណត់នូវឈ្មោះ ឬលេខនៃផ្លូវនីមួយៗ តាមភូមិឃុំ ដែលនេះជាការគិតគូររបស់រាជរដ្ឋាភិបាល ។

សូមរំលឹកផងដែរថា ចាប់ពីអនុវត្តការចុះបញ្ជីដីធ្លីនៅឆ្នាំ២០០៣មក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល វាស់វែងបានចំនួនជាង ៨០ម៉ឺនក្បាលដី ចេញបណ្ណកម្មសិទ្ធិបានចំនួនជាង ៣៦ម៉ឺនក្បាលដី ហើយគ្រោងបញ្ចប់ការវាស់វែងនៅត្រឹមឆ្នាំ២០២៥ខាងមុខ ។ បច្ចុប្បន្នមន្ត្រីសុរិយោដី ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្ត កំពុងអនុវត្តការវាស់វែងនៅក្នុងតាមបណ្ដាក្រុងស្រុកមួយចំនួន ខណៈនៅស្រុកពញាឮនេះ ការវាស់វែងសម្រេចបានជាង ៨ម៉ឺនក្បាលដី ហើយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ នឹងចូលរួមធ្វើឲ្យការវាស់វែងដីធ្លីនេះ ទទួលបានជោគជ័យ តាមការគ្រោងទុក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner