អាល្លឺម៉ង់ និងបារាំងជំទាស់ការរឹតបន្តឹងរបស់អឺរ៉ុប លើការនាំចេញឡានទំនើបទៅរុស្ស៊ី

ព្រុចសែល៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នកការទូតថា អាល្លឺម៉ង់ និងបារាំងកំពុងប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីបិទចន្លោះប្រហោង ដែលអនុញ្ញាតឱ្យឡាន និងទំនិញទំនើបៗនាំចេញទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រទេសបេឡារុស។

អ្នកការទូតបារាំង និងអាល្លឺម៉ង់បានប្រាប់អ្នកយកព័ត៌មានថា ទាំងទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីស ប្រឆាំងនឹងការគេចវេសពីការដាក់ទណ្ឌកម្ម ប៉ុន្តែបានអះអាងថា ការផ្តោតសំខាន់គួរតែទៅលើទំនិញទាំងឡាយណា ដែលបម្រើដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ី។

ការជំទាស់ខាងលើនេះកើតឡើង ចំពេលដែលសហភាពអឺរ៉ុបកំពុងរៀបចំដាក់ចេញនូវការរឹតបន្តឹងថ្មី ប្រឆាំងនឹងបេឡារុស ក្នុងគោលបំណងរារាំងរុស្ស៊ីមិនឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន។

សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបេឡារុស ចាប់តាំងពីឆ្នាំ ២០២០។ ហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលជម្លោះអ៊ុយក្រែនបានចាប់ផ្តើម សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំនួន ១៣ជុំរួចមកហើយលើប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ការនាំចេញឡានពីសហភាពអឺរ៉ុបទៅកាន់ប្រទេសបេឡារុសមបានកើនឡើងច្រើនជាងបួនដងកាលពីឆ្នាំ ២០២១ ដល់ ២.៦ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់។

អ្នកជំនាញបានសង្កេតឃើញកំណើនខ្ពស់បំផុតនៅក្នុងវិស័យឡានប្រណិត ដែលមានចំនួនពីរភាគបីនៃការកើនឡើងការនាំចូលសរុប មានទឹកប្រាក់ ១.៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner