គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយ មានជ័យធ្វើសន្និបាតបូកសរុបការងារបោះឆ្នោត

បន្ទាយមានជ័យ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (គ.ខ.ប )នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្កិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងលោក លោកស្រីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន.អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្រុង ស្រុក ទាំងប្រាំបួនក្នុងបន្ទាយមានជ័យ ។ សាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបើកសន្និបាតលោក យ៉ង់ សក្តិ បានរំលេចលទ្ធផលនៃការងារបោះឆ្នោតទាំងពីរខាងលើថា បានប្រព្រឹត្តទៅតាមប្រតិទិនកំណត់ ជាពិសេសដំណើរការការរៀបចំបញ្ជី ឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ការទទួលអ្នកសង្កេតការណ៍បោះឆ្នោត ការចែកបណ្ណព័ត៌មានការបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹក ឆ្នោត បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាម កំហែង និងមានបរិយាកាសល្អប្រសើរ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ដែលបានចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោតបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌នានាសម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរក្នុងនាមប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ធ្វើឱ្យការងារបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស៕

ដោយ៖ឃិន គន្ធា

ads banner