នូវែលសេឡង់នឹងបញ្ចប់ការហាមឃាត់រុករកប្រេង និងឧស្ម័ន

វែលីងតោន៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងលុបចោលការហាមឃាត់រយៈពេល ៥ឆ្នាំ ទៅលើការរុករកប្រេង និងឧស្ម័នថ្មី ខណៈការប្រកាសនេះ បានដុតបញ្ឆេះប្រតិកម្មពីសំណាក់អ្នក នយោបាយ និងក្រុមបរិស្ថាន។

ច្បាប់ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤នេះ នឹងបិទបញ្ចប់ការហាមប្រាមកន្លងមកនេះ ដែលនឹងអនុញ្ញាតឱ្យមានការរុករកប្រេង និងឧស្ម័នថ្មីនៅលើដីគោកមួយចំនួននៅលើកោះភាគខាងជើងរបស់ប្រទេសនូវែលសេឡង់។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនូវែលសេឡង់ លោក Shane Jones បានគូសបញ្ជាក់ថា ការហាមប្រាមលើការរុករកប្រេង និងឧស្ម័នថ្មីកន្លងមកនេះ បានរារាំងដល់ការវិនិយោគអន្តរជាតិ និងធ្វើឱ្យសន្តិសុខថាមពលរបស់ប្រទេសជួបការលំបាក។

លោក Jones បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្ម័នធម្មជាតិមានសារៈសំខាន់ណាស់ ដើម្បីរក្សាការបំភ្លឺភ្លើងរបស់យើង និងដំណើរការសេដ្ឋកិច្ចរបស់យើង ជាពិសេសក្នុងអំឡុងពេលតម្រូវការអគ្គិសនីហក់ឡើងខ្ពស់បំផុត។ បើតាមលោក Jones វិស័យប្រេង និងរ៉ែបានរួមចំណែកថវិកា ១.២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០២០-២០២១។

ទោះបីជាយ៉ាងណា មេដឹកនាំក្រុមបរិស្ថានបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ប្រេង និងឧស្ម័ន ចាក់ទៅលើភ្លើងវិបត្តិអាកាសធាតុ។ យើងអាចបង្កើតសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពជាងមុន ដោយផ្តល់អាទិភាពដល់ថាមពលស្អាត ដែលធ្វើការជាមួយបរិស្ថាន មិនមែនប្រឆាំងនឹងវាទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner