ម៉ាឡេស៊ីដាក់គោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុក ២២០លាននាក់
គូឡាឡាំពួរ៖ វិស័យទេសចរណ៍ម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក ដើម្បីសម្រេចឱ្យបាន២៥ភាគរយ នៃគោលដៅភ្ញៀវទេសចរប្រមាណ ២២០លាននាក់នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក Manoharan Periasamy។
លោក Periasamy បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២២០លាននាក់ ដោយចំណាយថវិកាសរុបប្រហែល ១ពាន់លានដុល្លារ។ លោកបន្តថា ដើម្បីធានាថា យើងអាចសម្រេចបាននូវគោលដៅនេះ យើងនឹងពង្រឹងសកម្មភាពផ្សព្វផ្សាយ ក្នុងគោលបំណងឈានទៅដល់គ្រប់ផ្នែកនៃសង្គម។
លោកបន្ថែមថា ក្រសួងទេសចរណ៍ម៉ាឡេស៊ីកំពុងចាត់វិធានការស្របតាមទិសដៅយុទ្ធសាស្ត្រ នៃវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនការមកដល់នៃភ្ញៀវទេសចរក្នុងស្រុក, ជំរុញការធ្វើដំណើរអន្តររដ្ឋ និងលើកទឹកចិត្តសម្រាប់ផែនការធ្វើដំណើរកំសាន្តក្នុងឱកាសវិស្សមកាល។
ហើយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ យើងរំពឹងថា នឹងឈានដល់ជិត២៥ភាគរយ នៃគោលដៅរបស់យើង ហើយយើងក៏កំពុងមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុកទៅទស្សនាតំបន់ទេសចរណ៍នៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមគ្នា យើងក៏សង្ឃឹមផងដែរថា នឹងអាចសម្រេចបាននូវគោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុកចំនួន ២២០លាននាក់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា