វៀតណាមរឹតបន្តឹងការជួញដូរសាច់ឆ្កែ និងឆ្មា
ហាណូយ៖ ក្នុងគោលបំណងចាត់វិធានការការពារសុខភាពសាធារណៈ និងលើកកម្ពស់ការអនុវត្តសីលធម៌បន្ថែមទៀត អាជ្ញាធរក្រុងហាណូយបានចេញសេចក្តីណែនាំមួយ ដើម្បីឈានទៅរកការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មាទូទាំងទីក្រុងរបស់ប្រទេសវៀតណាមមួយនេះ។
សេចក្តីណែនាំរបស់អនុនាយកដ្ឋានបសុព្យាបាល ជលផល និងបសុព្យាបាល នៃទីក្រុងហាណូយ បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រពហុភាគី ដែលពាក់ព័ន្ធនឹងការអនុវត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងតឹងរឹងនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលជាច្រើន និងក្រុមអធិការកិច្ចចល័ត ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មា។
ដោយលើកឡើងពីហានិភ័យធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារការផ្ទុះជំងឺឆ្កែឆ្កួតនាពេលថ្មីៗនេះនៅទូទាំងប្រទេសវៀតណាម សេចក្តីណែនាំនេះសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការទប់ស្កាត់វិបត្តិសុខភាពសាធារណៈនៅទីក្រុងហាណូយ។
គិតមកទល់ពេលនេះ មានករណីផ្ទុះជំងឺឆ្កែឆ្កួតរហូតដល់ ១០២ករណីនៅក្នុងខេត្ត-ក្រុងចំនួន២៩។ ការផ្តោតសំខាន់នៃសារាចរណែនាំនេះដែរ គឺដើម្បីបង្កើនអត្រានៃការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់ជាង ៩០ភាគរយ ក្នុងចំណោមសត្វឆ្កែចិញ្ចឹម និងសត្វឆ្មា តាមរយៈការជំរុញរួមគ្នាដោយអាជ្ញាធរបសុពេទ្យ។
សេចក្តីណែនាំនេះទៀតសោត ក៏អំពាវនាវឱ្យមានយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ដើម្បីអប់រំប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួត, តម្រូវការគ្រប់គ្រងសត្វចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ និងដើម្បីលុបបំបាត់ការកើនឡើងការបរិភោគសាច់ឆ្កែ និងឆ្មា៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា