សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៧ ចំណុច សម្រាប់ពិធីបិទវគ្គ និងបើកវគ្គ របស់សាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ ៧ចំណុច សម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្ត ឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងក្លា លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និង បំពេញការងារឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និង ភារកិច្ចនៅក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក។

សម្ដេចធិបតី ក៏បានដាក់ចេញនូវអនុសាសន៍ ៧ចំណុច រួមមាន៖

ទី១. គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តី ជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈ កម្មវិធីបណ្តុះបណ្តាល និង កម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាព ជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ, និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មានឆន្ទៈម្ចាស់ការ,មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈល្អ។ លើសពីនេះ, គ្រប់ក្រសួង- ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាស និង លើកទឹកចិត្ត ដល់ថ្នាក់ ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែក រំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល។

ទី២. គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និងភារកិច្ចក្នុងរដ្ឋបាល សាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និង ការទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនៈទាននៃការគ្រប់ គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យ អនុវត្តជាបណ្តើរៗ ។

ទី៣. ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរ ដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុល ផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ផ្ដើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្រ្តីសាធារណៈ, ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើគោលការណ៍គុណភាពនៃការបណ្តុះបណ្តាលនិងប្រសិទ្ធភាពចំណាយ,ការរៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ជាក់ស្ដែង,ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឍ អាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឈ គ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាង គ្រឹះស្ថានបណ្តុះបណ្តាលជាដើម ។

ទី៤. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និង គុណភាពនៃការបណ្តុះបណ្តាល និង ការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេសតាមរយៈការពិនិត្យឡើងវិញ និង ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍ សមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុងតំបន់ និងពិភពលោក ។

ទី៥. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀត ក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធ ឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹងនវានុវត្តន៍, ឧត្តមានុវត្ត និង ភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ។

ទី៦. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ដោយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថលសម្រាប់គាំទ្រ និង ពង្រីកសមត្ថភាពបណ្តុះបណ្តាល និង ការផ្តល់កាលានុវត្តភាពថ្មីបន្ថែមទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព ។

ទី៧. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការបណ្ដុះ បណ្តាល ដោយរៀបចំវគ្គបណ្តុះបណ្ដាលផ្អែកលើការវាយតម្លៃសេចក្តីត្រូវការច្បាស់លាស់ និង ពិតប្រាកដ នៃការងារ នៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និង វាយតម្លៃឱ្យបានទៀងទាត់អំពីផល នៃការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner