សង្គ្រាមបំផ្លាញការងារជិត ៨០ភាគរយនៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖ អង្គការសហប្រជាជាតិបានឱ្យដឹងថ្មីៗនេះថា ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា បានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ស្ទុះឡើងដល់ជិត ៨០ភាគរយ។

ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិបាននិយាយថា សង្រ្គាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានប៉ះពាល់ដល់ជីវភាពរស់នៅ និងការងាររបស់មនុស្សយ៉ាងច្រើន ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះយ៉ាងគំហុកផងដែរ។ អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន អត្រាគ្មានការងារធ្វើនៅតំបន់ហ្គាហ្សាស្ទ្រីប បានឈានដល់កម្រិត ៧៩.១ភាគរយ នេះបើយោងតាមរបាយការណ៍សង្ខេបថ្មីរបស់ ILO និងការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន។

អង្គការ ILO បានឱ្យដឹងថា នៅតំបន់ វេសប៊ែង អត្រាគ្មានការងារធ្វើបានឈានដល់ ៣២ភាគរយ ខណៈដែលអត្រាគ្មានការងារធ្វើជាមធ្យមនៅទូទាំងតំបន់ វេសប៊ែង និងហ្គាហ្សារួមបញ្ចូលគ្នាមានចំនួន ៥០.៨ភាគរយ។ អង្គការ ILO បន្ថែមថា GDP ពិតប្រាកដបានធ្លាក់ចុះ ៨៣.៥ភាគរយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និង ២២.៧ភាគរយនៅតំបន់ វេសប៊ែង ក្នុងរយៈពេល៨ខែកន្លងមកនេះ។

អង្គការ ILO បានបញ្ជាក់ទៀតថា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស្ទើរតែគ្រប់គ្រឹះស្ថានឯកជនទាំងអស់បានបញ្ឈប់ដំណើរការទាំងស្រុង ឬកាត់បន្ថយផលិតកម្ម ធ្វើឱ្យវិស័យនេះធ្លាក់ចុះដល់ទៅ ៨៥.៨ភាគរយនៃតម្លៃផលិតកម្មរបស់ខ្លួន ដែលស្មើនឹងទឹកប្រាក់ ៨១០លានដុល្លារ ក្នុងអំឡុងពេល៤ខែដំបូងនៃសង្រ្គាម។ សេដ្ឋកិច្ចតំបន់ហ្គាហ្សាឥឡូវនេះ តំណាងឱ្យ ៤.១ភាគរយប៉ុណ្ណោះនៃសេដ្ឋកិច្ចរបស់ប្រទេសប៉ាឡេស្ទីនសរុប ធ្លាក់ចុះពី ១៦.៧ភាគរយមុនពេលផ្ទុះសង្រ្គាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner