ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ
បន្ទាយមានជ័យ៖ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤(២០២៤-២០២៩)ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីព្រឹកថ្ងៃទី១០ខែមិថុនានេះ នាសាលប្រជុំសាលាខេត្ត។
ឯកឧត្តម ប្លែក វារី មកពីគណបក្សប្រជាជនកម្ពុជា បានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤ ដែលមានសមាសភាព២៥រូប ។ក្នុងនោះមកពីគណបក្យប្រជាជនកម្ពុជាចំនួន២២រូបនិងមកពីគណបក្យឆន្ទៈខ្មែរបីរូប។ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤បានកើតចេញពីអង្គបោះឆ្នោតចំនួន ៥៣៣រូបនិងមាន៥គណបក្យនយោបាយបានចូលរួម។
ការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅក្រោមការសាទរពីគណៈអភិបាលខេត្តពិសេសឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។
ជាមួយនឹងការស្វាគមន៍ក្រុមប្រឹក្សាអាណត្តិថ្មី ឯកឧត្តមឌិត ទីណា បានរំលេចថា តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤(២០២៤-២០២៩) នេះជាលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា និងការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ក៏ដូចជាអង្គបោះឆ្នោត។ដូច្នេះយើងរួមគ្នាបន្តនិរន្តរភាពនៃការគប់គ្រងរដ្ឋបាលថ្នាក់ខេត្ត ,ការអនុវត្តគោលនយោបាយមូលដ្ឋានមានសុវត្ថិភាព និងយកចិត្តទុកដាក់លើសេវាសាធារណៈ និងសេវាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឌិត ទីណា បានរំលឹកថា ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ត្រូវរួមគ្នាជាមួយគណៈអភិបាលខេត្តក្នុងអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ពិសេសគឺការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ គៀន ច័ន្ទហ៊ីន