អត្តពលិកកីឡាសិស្សកម្ពុជា ដណ្តើមបានមេដាយបំបែកកំណត់ត្រាថ្មី

ភ្នំពេញ៖ នាល្ងាចម្សិលមិញនេះ ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទកីឡា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មពីការចូលរួមការប្រកួត កីឡាសិស្សអាស៊ី អាគ្នេយ៍ លើកទី១៣ ASEAN School Games នៅប្រទេសវៀតណាម ។ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។

ក្នុងការវិលត្រលប់មកដល់មាតុភូមិវិញ ឯកឧត្តម ព្រំ ប៊ុនយី នាយបេសកម្មដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍កីឡាសិស្សអាស៊ានឆ្នាំ២០២៤ គឺជាការប្រកួតលើកទី១៣ហើយ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា ប៉ុន្តែកម្ពុជាទើបតែបានចូលរួមបានចំនួន៦លើកប៉ុណ្ណោះ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប៤០នាក់ លើ៤ប្រភេទកីឡាទៅចូលរួមមានដូចជា អត្តពលិកហែលទឹក វាយសី និងវ៉ូវីណាម ។

ឯកឧត្តម ក៏បានបញ្ជាក់ពីមោទនភាពជាប្រវត្តិសាស្រ្តថ្មី សម្រាប់ការប្រកួត កីឡាសិស្ស ASEAN School Games លើកទី១៣ នេះថា កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ហើយមេដាយទាំងអស់ដណ្តើមបានដោយអត្តពលិកកីឡា វ៉ូវីណាមតែប៉ុណ្ណោះ ជាក់ស្តែងកាលពីអំឡុងឆ្នាំ២០១៦ កម្ពុជាទទួលាបានតែមេដាយសំរឹទ្ធ១គ្រឿងតែប៉ុណ្ណោះ ។

គួររំលឹកផងដែលថា ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ៩ ខែមិថុនា ដោយមានអត្តពលិក និងគ្រូបង្វឹកប្រមាណ ១.៣០០ នាក់មកពីប្រទេសក្នុងតំបន់ចំនួន១០ ដែលបានចូលរួមប្រកួតចំនួន ១០៧វិញ្ញាសា លើប្រភេទកីឡា ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ជាប្រវត្តសាស្រ្ត កម្ពុជាបានឈរនៅក្នុង ចំណាត់ថ្នាក់ទី៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ក្នុងនោះម្ចាស់ផ្ទះវៀតណាមឈរនៅចំណាត់ថ្នាក់ទី១ ដណ្តើមបានមេដាយ មាស៤៤គ្រឿង ប្រាក់៣១គ្រឿង និងសំរឹទ្ធ១៧គ្រឿង។សូមបញ្ជាក់បន្ថែមថា ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំក្រោយនឹងធ្វើនៅប្រទេស ប្រ៊ុយណេ ហើយម្ចាស់នឹងដាក់៨ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍នេះផងដែរ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner