មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយត្រូវបម្រើ ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង

ភ្នំពេញ៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ។ មន្ត្រីម្នាក់ៗ ក៏ជាប្រជារាស្រ្ត គ្រួសាររបស់មន្ត្រី ក៏ជាប្រជារាស្រ្ត ហើយដូច្នេះ ការបម្រើប្រជារាស្ត្រ ក៏ដូចជាការបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិត្ដិយស វិន័យ និងតម្លៃ អាស្រ័យទៅលើលទ្ធផល ហើយលទ្ធផលនេះ គឺគេមិនគិតទៅលើរោងចក្រនេះទំនើប ឬល្អបែបណាទេ គឺគិតទៅលើផលិតផលសម្រេច ហើយបើផលិតផលសម្រេច មានគុណភាព គេគិតថា ទាំងអ្នកផលិត ទាំងរោងចក្រ ទាំងសម្ភារៈ និងធាតុផ្សំ គឺល្អ។ តែផ្ទុយទៅវិញ បើផលិត ចេញទៅ ឧទាហរណ៍ដូចជា គោងៀតជាដើម ពេលបើកហូប ទៅឃើញមានដុះផ្សិត ឬសាច់ខ្លោចអីនោះ តើរោងចក្រនោះ ផលិតយ៉ាងម៉េច ហើយក៏គេមិនដឹងថា ជាងម្នាក់នៅក្នុងហ្នឹងទេ ដែលធ្វើនោះ ឬក៏អ្នកកាន់ម៉ាស៊ីនភ្លើង គាត់ភ្លេចគិត ពីកម្រិតកម្ដៅឱ្យបានល្អនោះ ខណៈបញ្ហានេះ គេនឹងវាយតម្លៃ លើរោងចក្រទាំងមូលតែម្ដង។

សម្ដេចធិបតីបានបញ្ជាក់ថា៖ អីចឹងសាលាមួយសំខាន់ គឺអាស្រ័យទៅលើសិស្សនីមួយៗ ហើយការបណ្ដុះបណ្ដាលនេះ គឺសំខាន់ណាស់ ហើយអភិក្រម ដែលបានដាក់ចេញទៅរួចហើយនេះ គឺ ការអនុវត្ដពង្រឹងនូវការទទួលខុសត្រូវ សមត្ថភាព និងឆន្ទៈ រួមជាមួយក្រមសីលធម៌ វិជ្ជាជីវៈ គុណធម៌ សីលធម៌ ។ ការអនុវត្ដនៅក្នុងសាលា និងការចេញទៅខាងក្រៅ មិនខុសគ្នានោះទេ គឺមន្រ្ដីបម្រើរាស្រ្ដ ដែលជាអភិក្រម របស់រាជរដ្ឋាភិបាល។

សម្ដេច ថា នេះគឺជាកិច្ចការសំខាន់ ដើម្បីយើងពង្រឹងខ្លួនយើង និងជាឱកាសក្នុងការពង្រឹងខ្លួនឯង ហើយក៏គ្មាននរណាល្អឥតខ្ចោះ គ្រប់ពេលវេលានោះទេ ប៉ុន្ដែត្រូវគិតផ្សំ ដើម្បីយើងល្អឥតខ្ចោះ និងត្រូវដាក់ចិត្ដខិតខំ ធ្វើបែបនេះ ទើបយើងឃើញថា ពេលដែលយើងមានចន្លោះប្រហោង យើងទទួលស្គាល់ថា យើងមានចន្លោះប្រហោង ហើយយើងកែខ្លួនដោយខ្លួនឯង ស្វ័យទទួលខុសត្រូវ។

សម្ដេចធិបតី បានអះអាងថា រាជរដ្ឋាភិបាល អាណត្ដិទី៧ ក្នុងរយៈពេល ៩ខែ មកនេះ បានចាត់វិធានការច្រើន ក្នុងការអនុវត្ដលើអភិក្រមទាំង៤ ខណៈអភិក្រមទាំងអស់មាន៥ ហើយ ក៏បានអនុវត្ដន៍លើអភិក្រមទី៥ បានជាច្រើនករណីផងដែរ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្ដីរាជការ ទាំងក្នុងក្របខណ្ឌមន្រ្ដីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ជាក់ស្ដែង មានការដាក់ពិន័យ និងការទម្លាក់ឋានន្ដរស័ក្ដិ ឬការឈានទៅដល់ការវះកាត់ បណ្ដេញចេញពីក្របខណ្ឌចំពោះកងនគរបាល និងកងទ័ព ដែលបានប្រព្រឹត្ដបទល្មើសផ្សេងៗ ពិសេស បទល្មើសធ្ងន់ធ្ងរ ដូចជា៖ ការបាញ់បោះសេរី ការជួញដូរគ្រឿងញៀន ការប្រើ ប្រាស់គ្រឿងញៀន។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា មន្រ្ដី គឺជាអ្នកបម្រើរាស្រ្ដ មិនមែនជាចៅហ្វាយរបស់ប្រជារាស្រ្ដនោះទេ ហើយយើងដោះតែតួនាទី និងកន្លែងធ្វើការចេញ គឺ យើងជាប្រជារាស្រ្ដដែលរស់នៅក្នុងសង្គម។ ទន្ទឹមនេះ នៅពេលដែលយើងចូលនិវត្ដន៍ទៅ ចេញពីមន្រ្ដីរាជការ យើងក៏ក្លាយទៅជាប្រជារាស្រ្ដសាមញ្ញ ហើយប្រពន្ធ កូន និងចៅរបស់យើងក៏ជាប្រជារាស្រ្ដផងដែរ។

ជាមួយគ្នានោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា តើយើងចង់រស់នៅក្នុងបរិស្ថានមួយ តែក្នុងបរិស្ថាននេះ ងាយស្រួលរស់នៅដែរទេ? សេវាសាធារណៈទាន់ចិត្ដ ល្អប្រសើរដែរទេ? ហើយបើយើងចង់បានសម្រាប់យើង ប្រពន្ធ កូន ចៅ និងគ្រួសាររបស់យើង គឺយើងត្រូវអនុវត្ដន៍ ព្រោះយើង ចូលរួមក្នុងការផ្ដល់សេវាឱ្យមន្រ្ដីផ្សេងទៀតផងដែរ ដែលជា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់យើង។

សម្ដេចធិបតី ក៏បានលើកជាសំណួរថា តើសង្គមជាតិរបស់យើងពេលបច្ចុប្បន្ន និងទៅអនាគត តើត្រូវអនុវត្ដន៍បែបណា រស់បែបណា ហើយ បើតើត្រូវការអ្វីបន្ដិច តើយើងត្រូវចរចាដែរឬទេ? ឬមួយក៏រស់នៅក្នុងបរិស្ថានមួយ ដែលមានផ្អែកទៅលើច្បាប់ ផ្អែកទៅលើបរិស្ថាន នៃការងារ ដែលយើងទាំងអស់គ្នា ដឹងនូវសិទ្ធិ និងកាតព្វកិច្ចរបស់យើង។ សម្ដេច ដឹងថា បងប្អូនទាំងអស់គ្នា មិនចង់ឈឺក្បាលនៅក្នុងការចរចា ឬរស់នៅក្នុងភាពមិនប្រាកដប្រជា ពីការទទួលសេវាសាធារណៈនេះមែនទេ។ ហេតុដូច្នេះ អ្នកណាជាអ្នកផ្ដល់សេវាសាធារណៈ ដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្ដបាន ផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ រួមទាំងខ្លួនយើង និងគ្រួសារយើងផង។ អីចឹង យើងទាំងអស់គ្នា ដែលបានចែងក្នុងអភិក្រម ក្នុងនាមយើងជាអ្នកបម្រើរាស្រ្ដ មិនមែនជាចៅហ្វាយរបស់រាស្រ្ដនោះទេ ហើយការបម្រើ ប្រជារាស្រ្ដ គឺបម្រើខ្លួនយើង ព្រោះយើងម្នាក់ ក៏ជាប្រជារាស្រ្ដមួយរូបដែរ។

សម្ដេចធិបតី ក៏បានជំរុញឱ្យមន្រ្ដីរាជការ ត្រូវរួមគ្នា ដើម្បីកសាងបរិស្ថានមួយ ដែលកាន់តែមានប្រសិទ្ធភាព បរិស្ថានដែលមានលំនឹង បរិស្ថានដែលមានភាពច្បាស់លាស់ នៅក្នុងការទទួលសេវាសាធារណៈពីរដ្ឋបាលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យងាយស្រួល នោះ គឺជាកាតព្វកិច្ចរបស់មន្រ្ដីគ្រប់ៗរូប ដើម្បីចូលរួមក្នុងការធ្វើ។

សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា នេះគឺជាកាតព្វកិច្ច របស់យើង ដោយមិនចាំបាច់អនុវត្ដន៍នូវអភិក្រមទី៥នោះទេ កៅអីយើងអង្គុយ ឱកាសយើងធ្វើ ស្ថាប័នយើងមាន លទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ ផ្ដល់ឱ្យ និងយើងធ្វើសម្រាប់កសាងបរិស្ថានមួយសម្រាប់យើង សម្រាប់គ្រួសារយើងនាពេលអនាគត។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា វាអត់ល្អឥតខ្ចោះនោះទេ ប៉ុន្ដែត្រូវដាក់ចិត្ដរួមគ្នា ដើម្បីកែសម្រួលបរិស្ថានរបស់យើង ឱ្យក្លាយទៅបរិស្ថានល្អឥតខ្ចោះជាប់ជាប្រចាំ រួមគ្នាទទួលស្គាល់ ៖ ទី១. បង្កើតនូវអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមានបន្ថែម ជូនដល់សង្គមរបស់យើង, ទី២. រួមគ្នាកាត់បន្ថយ នូវរាល់ភាពអវិជ្ជមាន ហើយពីរនេះផ្គុំគ្នា ទើបយើងអាចសម្រេចបាន នៅក្នុងគោលដៅនៃប្រទេសមួយ ដែលអភិវឌ្ឍន៍ និងជាពិសេស បរិស្ថានមួយដែលមានភាពនឹងនរ និងផ្ដល់ភាពកក់ក្ដៅ ក្នុងការទទួលសេវាសាធារណៈជូនប្រជាពលរដ្ឋ សម្រាប់មន្រ្ដីរាជការ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner