ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញបំពេញបេសកកម្មគោះ ទ្វារវិនិយោគ នៅសហភាពអឺរ៉ុប
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ ប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញ ទស្សនកិច្ច នៅសហភាពចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ទស្សនកិច្ចរយៈពេលវែងបង្គួរនេះត្រូវបាន ដាក់ ឈ្មោះថា “ដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាព អឺរ៉ុប”។
នៅទឹកដីសហភាពអឺរ៉ុបដំបូងកាលពីព្រឹកថ្ងៃចន្ទទី១០ ខែមិថុនាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មព្រះរាជាណាចក្រអេស្ប៉ាញ។ក្នុង ឱកាសនេះប្រទេសអេស៉្បាញបានបង្ហាញចំណាប់វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេស កកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ រដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រ កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយ ថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគ បាន ផងដែរ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថាព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ អាច ពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។
ប្រភពដដែលបន្តថា ក្នុងជំនួបនេះ លោកជំទាវ Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះ ដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពល កកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។
សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចគោះទ្វារវិនិយោគនៅសហភាព អឺរ៉ុប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖មុនី