ទេសរដ្ឋមន្រ្តី អៀង មូលី កោតសរសើរក្រសួងសង្គមកិច្ច ដែលបានផ្តល់នូវកម្មវិធីគាំពារសង្គមដល់ជនងាយរងគ្រោះ ឆ្លើយតបនឹងមេរោគអេដស៍

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអរគុណ និងកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេស ការផ្តល់នូវកម្មវិធីគាំពារសង្គម ដល់ជនងាយរងគ្រោះ កន្លងមក ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត ។

ឯកឧត្តម សុខ ប៊ុនថា បានស្វាគមន៍ និងកោតសរសើរដល់អាជ្ញាធរជាតិ ក្នុងការប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍កន្លងមក រហូតសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅចំនួន ៣។ ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់វិស័យសង្គមកិច្ចរួចរាល់ ដោយបានកំណត់នូវយុទ្ធសាស្រ្តចំនួន៥ ដើម្បីចូលរួមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។

លោក យូ សុភ័ក្រ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច ដែលមានរួមបញ្ចូលដោយយុទ្ធសាស្រ្តចំនួន ៥ ដែលគាំទ្រដោយសកម្មភាពគន្លឹះចំនួន ២២។ យុទ្ធសាស្រ្ត នៃផែនការយុទ្ធសាស្រ្តនេះរួមមាន៖

យុទ្ធសាស្រ្តទី១-ពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍, យុទ្ធសាស្រ្តទី២-បង្កើនបរិយាកាសអំណោយផល (រួមមានច្បាប់គោល នយោបាយ បទដ្ឋាន នីតិវិធីនានា) ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍ក្នុងការផ្តល់ និងទទួលសេវាប្រកបដោយប្រសិទ្ធភាពនិងចីរភាព, យុទ្ធសាស្រ្តទី៣-ការបញ្រ្ជាប និងបញ្ចូលសមាសភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងសមាសភាពស្នូលរបស់ក្រសួងស.អ.យ, យុទ្ធសាស្រ្តទី៤-ពង្រីកអត្រាគ្របដណ្តប់នៃការធ្វើអន្ត រា គមន៍ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ដោយផ្អែកលើព័ត៌ មាន វិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍, យុទ្ធសាស្រ្តទី៥-ពង្រឹងប្រព័ន្ធអភិបាល តាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

លោកប្រធានលេខាធិការដ្ឋាន បានស្នើសុំការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកញ្ចប់ សេវាសង្គមសម្រាប់ជួយដល់គ្រួសារក្រីក្រដែលមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍, ស្នើសុំការណែនាំកិច្ចសហការពីអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជួយគាំទ្រនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេស ការផ្តល់នូវកម្មវិធីគាំពារសង្គម ដល់ជនងាយរងគ្រោះ កន្លងមក។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ រហូតឈាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី តាមរយៈនៃផ្តល់នូវការគាំទ្រផ្នែកគាំពារសង្គម ក៏ជាផ្សព្វផ្សាយពីការឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងទាំងផ្នែកជាតិ និងឯកជន ៕

អត្ថបទ៖ វណ្ណលុក
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner