ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងប្រព័ន្ធប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ដើម្បីធានានូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា
កំពត៖ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងនូវប្រព័ន្ធនយោបាយ និងប្រព័ន្ធប្រជាធិបតេយ្យដ៏ត្រឹមត្រូវ ដើម្បីធានាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ មានភាពឯករាជ្យ និងភាពជាម្ចាស់ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីឆ្លើយតបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្តថ្មីដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃបណ្តាខេត្តនៅតាមតំបន់ឆ្នេរ ត្រូវស្គាល់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត រដ្ឋបាលខេត្តដែលបានជួយសម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឱ្យប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ អំឡុងពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ដែលទាំងនេះបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ក្នុងការធានានូវដំណើរការបោះឆ្នោតនៅកម្ពុជាឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ រលូន និងមានតម្លាភាព ៕
ដោយ / គ្រី សម្បត្តិ