អាមេរិកស្នើអារ៉ាប់ ដាក់សំពាធហាម៉ាស់ ព្រមព្រៀងឈប់បាញ់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងពេលមានវត្តមាន នៅប្រទេសអេហ្ស៊ីប កាលពីថ្ងៃចន្ទ បានថ្លែងស្នើឱ្យរដ្ឋអារ៉ាប់ ជំរុញឲ្យបានខ្លាំងដល់ក្រុមហាម៉ាស ឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជាមួយអ៊ីស្រាអែល។

លោក Antony Blinken បានលើកឡើងថា បណ្តាមេដឹកនាំនៅមជ្ឈិមបូព៌ា គួរតែជំរុញក្រុមហាម៉ាស់ ឱ្យយល់ព្រមចំពោះសំណើ របស់សហរដ្ឋអាមេរិក បែបនេះ។

លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងគែរ ថា «
ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សភាគច្រើនលើសលប់ មិនថាពួកគេ នៅអ៊ីស្រាអែល នៅតំបន់ West Bank នៅហ្គាហ្សា… ពិតជាចង់ជឿជាក់លើអនាគតមួយ ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងរស់នៅដោយសន្តិភាព និងសន្តិសុខ»។

លោកបានលើកឡើងបែបនេះ បន្ទាប់ពីលោកបានជួបប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi នៅរដ្ឋធានគែរ ។ លោក Blinken បានទៅដល់ប្រទេសអេហ្ស៊ីប ដើម្បីជាការចាប់ផ្តើមដំណើរទស្សនកិច្ច ក្នុងតំបន់ ជំរុញឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ បន្ទាប់ពីចាកចេញពីអេហ្ស៊ីប ប្រមុខកាទូតអាមេរិករូបនេះ បានបន្តដំណើរ ទៅប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា សង្គ្រាមបង្ហូរឈាមស្លាប់មនុស្សរាប់ម៉ឺននាក់ រវាងអ៊ីស្រាអែល និងពួកហាម៉ាស់-ប៉ាឡេស្ទីន បានអូសបន្លាយ ប្រមាណ៨ខែមកហើយ ពោលគឺចាប់តាំងពីហាម៉ាស់ឆ្មក់វាយប្រហារភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ មុនពេលដែលអ៊ីស្រាអែលសងសឹក មកដល់បច្ចុប្បន្ន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner