ឯកឧត្តម ឌិត ទីណា៖ ក្រុមប្រឹក្សាខេត្ត ត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត។
ឯកឧត្តម ឌិត ទីណា បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ ដើម្បីសម្រេចការងារបាន ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អ ធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាត្រូវធ្វើការជាមួយអភិបាលខេត្តថ្មីឱ្យបានជិតស្និទ្ធ ទាន់ពេល ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតជិតនិងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ដើម្បីដឹងពីសុខទុក្ខនិងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ប្រភព ៖ ក្រសួងកសិកម្ម