BYD នឹងសង់រោងចក្រទី២នៅអឺរ៉ុប ទោះទីផ្សាធ្លាក់ចុះ
ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD អះអាងថានឹងសាងសង់រោងចក្រ ទី២ នៅតំបន់អឺរ៉ុប បើទោះបីជាទីផ្សារថយន្ត EV មានការថយចុះក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី Stella Li អនុប្រធានក្រុមហ៊ុន BYD ប្រចាំអឺរ៉ុប និងអាមេរិក នាពេលថ្មីៗនេះ។
ក្នុងបទសម្ភាសន៍មួយ នៅឯពិព័រណ៍រថយន្ត ថប់ ម៉ាកេស (Top Marques) ក្នុងប្រទេស Monaco កាលពីសប្តាហ៍មុន លោកស្រី Stella Li បាននិយាយថា «រោងចក្រដំបូងរបស់ BYD នៅប្រទេសហុងគ្រី នឹងចាប់ផ្តើមផលិត នៅចុងឆ្នាំក្រោយ»។ លោកស្រីបានបន្តទៀតថា ក្រុមហ៊ុនកំពុងសិក្សាទីតាំង វិនិយោគ សាងសង់រោងចក្រទី២ នៅអឺរ៉ុប»។
BYD បានលក់រថយន្តកូនកាត់ PHEV ចំនួន ១លាន៥សែនគ្រឿង កាលពីឆ្នាំមុន។ យ៉ាងណាមិញ ការលក់រថយន្ត EV របស់ខ្លួនបានធ្លាក់ចុះ ក្នុងបណ្តាប្រទេស សហភាពអឺរ៉ុបមួយចំនួន។ BYD កំពុងផ្តើមលក់រថយន្តកូនកាត់ PHEV សេរី SUV ដូចជា Seal U DM-i ជាដើម ហើយក៏ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍ នាពេលនោះ ផងដែរ។ រថយន្តប្រភេទនេះមានទាំងម៉ាស៊ីន និងអាគុយអគ្គិសនី ទំហំមធ្យម។
យ៉ាងណាមិញ ក្រុមអ្នករិះគន់និយាយថា PHEV របស់ BYD មានទម្ងន់ធ្ងន់ ហើយនៅតែប្រើប្រាស់ប្រេងឥន្ធនៈច្រើនពេក ដែលបង្កើតការបំភាយឧស្ម័ន ដែលបង្កគ្រោះថ្នាក់ដល់ ភពផែនដី។
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត