ការឆ្លងកូវីដនៅប្រទេសថៃ មានការកើនឡើងយ៉ាងខ្លាំង
បាងកក៖ កាសែតថៃ បាងកកប៉ុស្តិ៍ បានចុះផ្សាយ ដោយដកស្រង់ប្រភពពីស្ថាប័នជំនាញឲ្យដឹងថា កាលពីសប្តាហ៍មុន ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ កើនឡើងយ៉ាងតិច ៩០០នាក់ ធៀបនឹងសប្តាហ៍កន្លងទៅមួយទៀត។ ក្រៅពីនេះ មានមនុស្សម្នាក់បានស្លាប់ រៀងរាល់ថ្ងៃ ដោយសារតែជំងឺនេះ។
របាយការណ៍របស់នាយកដ្ឋានទំនាក់ទំនងសាធារណៈបានបង្ហាញ កាលពីថ្ងៃចន្ទថា
មនុស្ស ២៧៦២នាក់បានសម្រាក នៅមន្ទីរពេទ្យ ទទួលការព្យាបាល Covid-19 ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា។
ចំនួននេះបានកើនឡើង ៤៨.៣ % ធៀបនឹងចន្លោះថ្ងៃទី២៦ ខែឧសភា ដល់ ថ្ងៃទី១ ខែមិថុនា។ ពីរសប្តាហ៍ចុងក្រោយមកនេះ មានការរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ ដោយសារមេរោគនេះ ជារៀងរាល់ថ្ងៃ។
ចាប់តាំងពីខែមករាមក ថៃមានអ្នកជំងឺចំនួនជាង២៣០០០នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈដែលអ្នកស្លាប់ដែលត្រូវបានរាយការណ៍ថា មានចំនួន ១៣៧នាក់ នេះបើយោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលព័ត៌មាន។
វេជ្ជបណ្ឌិត មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ឈូឡាលុងកន (Chulalongkorn) បានបង្ហោះការព្រមាន អំពីការរីករាលដាលនៃមេរោគឆ្លងដល់កម្រិតកំពូល ក្នុងរដូវកាលនេះ។ ប៉ុន្តែស្ថាប័នជំនាញបានអះអាងថា គេកំពុងផលិតវ៉ាក់សាំងប្រភេទថ្មី ទប់ទល់នឹងវីរុសកូវីដ១៩ បំប្លែងថ្មីៗ៕
ប្រភពពី BangkokPost ប្រែសម្រួល៖ សារ៉ាត