ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូ អញ្ជើញជួបពិភាក្សា​ការងារ​ជាមួយ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel

(វៀតណាម)៖ ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិត​នៅ​រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមហ៊ុន Viettel បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អំពីសាវតា បេសកម្ម និងសមិទ្ធផលនានារបស់ក្រុមហ៊ុនដែលសម្រេចបាន​នាពេល​កន្លង​មក ហើយបានប្រែក្លាយជាក្រុមហ៊ុនដ៏ធំ ឈានមុខគេនៅ​ប្រទេស​វៀតណាម និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់​ប្រទេសវៀតណាម ព្រមទាំងបានពង្រីកសក្ដានុពលតាមរយៈ​ការធ្វើសមាហរ​ណកម្មទៅក្នុងទីផ្សាអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសការបង្កើត​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធនៅក្នុងបណ្ដាប្រទេសជាមិត្តនៅក្នុងអាស៊ី ក៏ដូចជានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនViettel ដែលបានវិនិយោគចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្លេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Viettel នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកឧត្តមសេនីយ៍ទោ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន ជាពិសេសនៅកម្ពុជា ក្រុមហ៊ុន Metfone បានចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តួយ៉ាងក្រុមហ៊ុន Metfone បានផ្ដល់ឱកាសការងារពេញម៉ោងដល់ប្រជាជនកម្ពុជាប្រមាណជា ៣,០០០នាក់ ការងារក្រៅម៉ោងប្រមាណ ១០,០០០នាក់ និងមានការិយាល័យលក់ ចំនួន ៣០,០០០កន្លែង មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍឌីជីថលូបនីយកម្មនៅកម្ពុជា មានជាអាទិ៍ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ក្នុងការបង្កើតសង្គមឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ក្រុមហ៊ុន Metfone តែងតែបង្ហាញនូវភាពសកម្មក្នុងការទទួលខុសត្រូវសង្គម (Corporate Social Responsibility) និងជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទុនវិនិយោគផ្ទាល់ពីប្រទេសវៀតណាមមកកម្ពុជា។ ក្រុមហ៊ុន Viettel និង Metfone តែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រួមចំណែកជាជំនួយថវិកាយ៉ាងច្រើនដល់សកម្មភាពសង្គមកិច្ច និងមនុស្សធម៌។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមហ៊ុន Viettel នៅប្រទេស​វៀតណាម ក៏ដូចជាក្រុមហ៊ុន Metfone នៅកម្ពុជាសូមទទួលបានការ​អភិវឌ្ឍ​រយៈពេលវែង​ និងទទួលបានជោគជ័យក្នុងមុខជំនួញដែលរួមចំណែកដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជាឈានឆ្ពោះ​ទៅរការរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តន៍៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner