ប្រតិបត្តិការតាមរកកំពុងដុតដៃដុតជើង ក្រោយយន្ដហោះដឹកអនុប្រធានាធិបតីម៉ាឡាវីបាត់ខ្លួន

លីឡុងវ៉េ៖ យន្តហោះមួយគ្រឿងដែលដឹកអនុប្រធានាធិបតីម៉ាឡាវី លោក Saulos Klaus Chilima និងមនុស្ស៩នាក់ផ្សេងទៀតបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា បន្ទាប់ពីចាកចេញពីរដ្ឋធានី លីឡុងវ៉េ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។

ប្រព័ន្ធផ្បព្វផ្សាយបានរាយការណ៍ថា លោក Chilima អាយុ ៥១ឆ្នាំបានជិះនៅលើយន្ដហោះយោធាមួយគ្រឿងជាមួយមនុស្ស៩នាក់ផ្សេងទៀត ក្នុងនោះក៏មានអតីតជំទាវទី១របស់ប្រទេសម៉ាឡាវី Shanil Dzimbiri ផងដែរ ហោះចេញពីរដ្ឋធានី លីឡុងវ៉េ នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។

ក្រោយមក ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡាវី បានព្យាយាមទាក់ទងជាមួយយន្ដហោះនេះ ចាប់តាំងពីបានបាត់ចេញពីរ៉ាដា។ យន្ដហោះនេះដំបូងឡើយ គ្រោងនឹងចុះចតនៅឯអាកាសយានដ្ឋាន Mzuzu នៅម៉ោង១០៖០២នាទីព្រឹកថ្ងៃដដែល ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនអំណោយផល អាជ្ញាធរអាកាសចរណ៍បានបញ្ជាឱ្យយន្តហោះវិលត្រឡប់មកចុះចតនៅរដ្ឋធានី លីឡុងវ៉េ វិញ។

ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានថ្លែងអះអាងថា ប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ នឹងត្រូវធ្វើឡើងរហូតទាល់តែយន្ដហោះដឹកលោក Chilima ត្រូវបានរកឃើញ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំជំនួយពីបណ្ដាប្រទេសក្បែរខាង ព្រមទាំងសហរដ្ឋអាមេរិក អង់គ្លេស ន័រវែស និងអ៊ីស្រាអែលផងដែរ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner