ទូកកម្សាន្តនៅបារាយណ៍នាគព័ន្ធ នឹងជួយលើកកម្ពស់​ជីវភាព​សហគមន៍

ភ្នំពេញ៖ សហគមន៍ទូកកម្សាន្តនៅបារាយណ៍ជយតដាក ឬ​បារាយណ៍នាគព័ន្ធនៃខេត្តសៀមរាបដែល​ផ្តួចផ្តើមរៀបចំដោយ​អាជ្ញាធរ​ជាតិ​​អប្សរា ​បានដំណើរការកាលពីពេលថ្មីៗកន្លង​ទៅ​នេះ។ជាមួយនឹងសកម្មភាពសេវាបម្រើឱ្យវិស័យទេសចរណ៍​ទស្សនាប្រាសាទ​អច្ឆរិយៈ និងគយគន់ទេសភាពចម្រុះពុំធ្លាប់​មាន ​សហគមន៍​សាមគ្គីបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជួយគាំទ្រ​មកជិះទូកកម្សាន្តទស្សនា​ប្រាសាទ​នាគព័ន្ធដែលស្ថិត​នៅលើកោះកណ្តាល​បារាយណ៍ ។

អាជ្ញាធរជាតិអប្សរាបានអធិប្បាយថា ការៀបចំដំណើរកម្សាន្ត​តាមទូកប្រពៃណីនៅបារាយណ៍ជយតាដាក ឬបារាយណ៍​នាគព័ន្ធ​ជាការលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍក្នុង​សហគមន៍​។កញ្ចប់ទេសចរនេះក៏​ដើម្បី​លើកកម្ពស់វិស័យ​ទេសចរណ៍ធម្មជាតិបែប​ប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់​ប្រជាជន រួមទាំងអភិវឌ្ឍន៍​ក្នុងសហគមន៍ជុំវិញ​បារាយណ៍​ប្រវត្តិសាស្ត្រមួយនេះបានកាន់តែ​ល្អប្រសើរ។

អាជ្ញាធរជាតិអប្សរាបានស្រង់សម្ដី លោក អ៊ា នាង ជាអ្នកភូមិ​សំរោង ឃុំលាងដៃ ក្នុងចំណោមអ្នកបម្រើសេវាចែវ​ទូករបស់​សហគមន៍​បារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ មកបញ្ជាក់ថា តាមរយៈសេវាទូកកម្សាន្ត​ភ្ញៀវទេសចរនឹងទទួល​បានអារម្មណ៍​សប្បាយ​ប្លែកជាមួយ​នឹងធម្មជាតិផ្សេងៗដែល​លាក់ខ្លួននៅក្នុងបារាយណ៍បុរាណមួយនេះ លើសពីការ​ដើរឆ្លងស្ពាន។ ការងារចែវទូកដឹក​ភ្ញៀវ​ទេសចរ មួយ​ផ្នែកបាន​ផ្តល់ឱ្យលោកមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមួយ​ផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ក្នុងសហគមន៍ផង។

អ្នកចែវទូកម្នាក់ទៀត រស់នៅភូមិលាងដៃ ឃុំលាងដៃ ដែល​ជាជនពិការជើងម្ខាងផង លោក សឿន សុភាព បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្តដែលសហគមន៍ផ្តល់ការងារឱ្យលោក​ធ្វើជាអ្នកចែវទូក។ លោកបន្តថា ការគាំទ្រជិះទូកកម្សាន្តរបស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ពិតជាសំខាន់ណាស់ដើម្បីឱ្យ​ពលរដ្ឋ​នៅជុំវិញបារាយណ៍នេះមានការងារធ្វើ។ជាពិសេសជន​ពិការដូចជារូបលោក ដែលពិបាកស្វែង​រកការងារធ្វើនៅឆ្ងាយ​ផ្ទះ។

គប្បីជម្រាបថា អាជ្ញាធរជាតិអប្សរាបានរៀបចំបង្កើតសហគមន៍​សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះ​ទូកលេង​កម្សាន្ត​នៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬ​បារាយណ៍នាគព័ន្ធ)។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។

អាជ្ញាធរជាតិអប្សរារៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាព​ដ៏ស្រស់​ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាព​ថ្ងៃរៀបលិច។

គួររំលើកថា អាជ្ញាធរជាតិអប្សរាបានរៀបចំគម្រោងបង្កើត​សហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក​តាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែគម្រោងនេះ បានខក​ខាន​ដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា​បានផ្តួច​ផ្តើមរៀប​ចំគម្រោងដំណើរការ​ទស្សនា​ចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយ​មានការគាំទ្រពីស្ថាប័នGIZ និង​អង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុង​រាជ​ព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរ​បានជិះទូក​នៅក្នុង​បារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរនិងមានលក្ខណៈពិសេសម​ខុសប្លែក​ពី​ទីតាំងផ្សេងៗ។

សហគមន៍ ក៏ដូចជាអាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិសូមចូលរួមជិះទូកកម្សាន្តនៅ​បារាយណ៍​​ជយ​តាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាល​បារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាព​ផ្តល់ឱ្យទេសចរ​មិនខក​បំណង​នោះឡើយ។

សូមជម្រាបថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមាន​បំណង​ចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចជាវសំបុត្រ​តាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ ។
សូមជម្រាបថា ឈ្មោះ​ដើម​នៃ​បារាយណ៍​នាគព័ន្ធ គឺ​ជ័យ​ត​ដាកឬ​ហៅ​ម្យ៉ាង​ទៀតថា បារាយណ៍​ខាងជើង​។ បារាយណ៍​នេះ ជា​បឹង​សិប្ប​និមិ្មត ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អស់​រយៈកាល​ជិតមួយ​ពាន់​ឆ្នាំ​មកហើយ​។ បារាយណ៍​នាគព័ន្ធ មាន​បណ្តោយ ៣ ៦០០​ម៉ែត្រ, ទទឹង ៩៣០​ម៉ែត្រ ហើយ​​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ដល់​មនុស្ស​ក្នុង​រាជធានី​អង្គរធំ នាគព័ន្ធ និង​នៅ​ព្រះខ័ន ដែលជា​ប្រាសាទ​មួយទៀត​សង់​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ដែរ​៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner