វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ជំនាន់ទី២៣ ឆ្នាំ២០២៤ បានដំណើរការបើកនៅកងពលតូចអន្តរាគមន៍លេខ១
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក។
នៅក្នុងរបាយការណ៍កងពលតូចអន្តរាគមន៍លេខ១ បានឱ្យដឹងថា អនុវត្តន៍បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក និងក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ កងកម្លាំងតាមបណ្តាកងឯកភាពបានផ្សាំកូនឈើ និងចិញ្ចឹមសត្វក្នុងនោះ កងពល បានអភិវឌ្ឍន៍ពីបាតដៃទទេរហូតដល់មានការដាំដុះ ចិញ្ចឹមសត្វយ៉ាងផុលផុស និងបានសិក្សា ស្រាវជ្រាវរៀនសូត្រតាមបណ្តាសង្គម facebook YouTube TikTok បង្កើនសមត្ថភាពយល់ដឹង អំពីបច្ចេកទេសកសិកម្ម ពង្រឹងវិន័យ របៀបរបបសណ្តាប់ធ្នាប់ធ្វើការងារ កសាងជំរំជម្រកស្នាក់នៅដល់បុគ្គលិក ធ្វើកន្លែងកែច្នៃជីវភាពរស់នៅឱ្យកងទ័ព ថែទាំសុខភាព ពង្រឹងកាយសម្បទា បង្កើនការគ្រប់គ្រង ជួសជុលថែរក្សាទុកដាក់សម្ភារៈកសិកម្មជាដើម។ល។ ក្រៅពីកិច្ចការខាងលើ ការិយាល័យអភិវឌ្ឍន៍បានធ្វើផែនការដាំដុះ និងចិញ្ចឹមសត្វ លើផ្ទៃដីដែលមានស្រាប់នៅក្នុងបរិវេណកងពលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
មានប្រសាសន៍ នៅក្នុងឱកាសនោះ ឯកឧត្តម សួន ខាំឡ បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើកនាពេលនេះ ថាពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម និងពង្រីកធនធានកសិកម្ម ដោយបានផ្តល់ដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ យោធិនពិការ អតីតយុទ្ធជន វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស និងបានដាក់ចេញគោលការណ៍ក្នុងការផ្តល់ដី សម្បទានសង្គមកិច្ច ផ្តល់លំនៅដ្ឋាន និងថវិកា ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ដែលកំពុងរៀបចំដំណើរការនាពេលនេះ ថាពិតជាបានចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី និងការរួមសហការពីនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក កងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក បានខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្ពស់ និងសហការគ្នាជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយ និងបង្កលក្ខណៈគ្រប់យ៉ាងពីភាគីម្ចាស់សាម៉ីអង្គភាពក្នុងការផ្តល់ទីតាំងរៀនសូត្រ ស្នាក់នៅ ដែលអាចឱ្យវគ្គជំនាញនេះបានដំណើរការបើកវគ្គហ្វឹកហ្វឺនទៅតាមការគ្រោងទុក។
ឯកឧត្តម សួន ខាំឡ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំស្រាវជ្រាវឯកសារបន្ថែម គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាកស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។
តាមរបាយការណ៍ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍កងទ័ពជើងគោក បានឲ្យដឹងថា៖ វគ្គសិក្សារៀនសូត្រជំនាញមូលដ្ឋានកសិកម្មមានរយៈពេល ៦១ថ្ងៃ ចាប់បើកពីថ្ងៃទី០៣ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សិក្សាលើខ្លឹមសារមេរៀនរួមមាន៖ ជំនាញកសិកម្ម អប់រំចិត្តសាស្ត្រ និងយោធារួម។ ដោយឡែកជំនាញកសិកម្មរួមមាន៖ ការបណ្តុះផ្សិត ការបង្កាត់ និងពង្រីកពូជដំណាំ ការចិញ្ចឹមត្រី ការចិញ្ចឹមមាន់ ការចិញ្ចឹមជ្រូក ការធ្វើជីEM ការដាំដូងក្រអូប ការដាំដើមឈើ
ការផលិតចំណីសត្វ ការផលិតថ្នាំបែបធម្មជាតិ ការចិញ្ចឹមគោ ការដាំដំណាំបន្លែ។ មានកម្មសិក្សាការី ចូលរួមរៀនសូត្រចំនួន ៩០នាក់ សិក្ខាកាមចំនូន ៨០នាក់ និងគ្រូយោធាចារ្យចំនួន ១០នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក បានដំណើរការបើកវគ្គកសិកម្មជូននាយទាហាន នាយទាហានរង និងពលទាហានបានចំនួន ២៤វគ្គ ហើយ មានសិក្ខាកាមសរុបចំនួន ១, ៩៣៧នាក់ ៕
ប្រភព ៖ កងទ័ព