ពលរដ្ឋកាន់កាប់ដី ដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម នៅខេត្តស្ទឹងត្រែង ដោយខុសច្បាប់ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត
ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១ ៩១៤,២៣៦៧ហិកតា ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។
សេចក្តីជូងដំណឹងមួយទៀតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ដដែលនេះបានបញ្ជាក់ដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅ ២៦ ៩៥៨,១៩១០ ហិកតា ដែលមានប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ៣១ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក និងភូមិសំរោង ឃុំស្រែសំបូរស្រុកសៀមប៉ាង និងភូមិណាអុង ភូមិឬទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្ត ស្ទឹងត្រែង។
ក្នុងសេចក្តីំណឹងនេះបានបញ្ជាក់ថាកន្លងមក ក្នុងកំឡុងពេលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្រុមជនខិលខូច និងមេខ្យល់បានកៀរគរ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់សម្រុកចូលមករំលោភទន្ទ្រានកាន់កាប់ដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថានីយស្តារព្រៃឈើ និងភូតគាម) យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យដោយគ្មានញញើតច្បាប់បន្តិចសោះឡើយ។ ជាច្រើនលើកច្រើនសារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តធ្លាប់បានសហការ ជាមួយអាជ្ញាធររដ្ឋបាលឃុំភ្លុក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ចុះទៅពន្យល់ អប់រំណែនាំ និងធ្វើ កិច្ចសន្យាជាបន្តបន្ទាប់ក៏បងប្អូននៅតែរឹងទទឹងមិនព្រមចាកចេញ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា ជាងនេះទៅទៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ អនុវត្តរុះរើនូវសំណង់អាណាធិបតេយ្យចេញពីទីតាំងខាងលើ តែត្រូវបានក្រុមជនអាណាធិបតេយ្យទាំងនោះបង្កនូវភាព រារាំង និងប្រទូសារ៉ាយជាមួយនឹងសមត្ថកិច្ច។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដាក់ឱសានវាទជាលើក ចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋឆ្លៀតឱកាសទាំងអស់ដែលបានចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត។
ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការអនុវត្តស្របតាមនីតិវិធីច្បាប់ រួមមាន៖ នាំខ្លួនអ្នកពាក់ព័ន្ធជាក់ស្តែងដែលបានកាប់រានទន្ទ្រានដី និងតាំងលំនៅដ្ឋានខុសច្បាប់ ដោយកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដែលគៀងគរឲ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំងខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ក្នុងករណីមិនព្រមរុះរើ ចាកចេញ និងបញ្ឈប់នូវការចូលរស់នៅ និងកាន់កាប់ខុសច្បាប់ កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការស្របតាមច្បាប់ដោយមិនទទួល ខុសត្រូវលើការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិឡើយ៕
ដោយ៖ម៉ាដេប៉ូ