ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ សមាជិកក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តត្រូវខិតខំអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនមិនប្រកាន់និន្នាការនយោយ
ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តតាកែវ ដែលត្រូវបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅអាណត្តិទី៤នេះ។
ឯកឧត្តមបន្ថែមថា បើទោះបីជា សមាជិកក្រុមប្រឹក្សាខេត្ត សមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់ បានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃ អំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ ជាធរមានក្នុងការ គ្រប់គ្រងចាត់ចែង កិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបនិងតម្រូវការ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន ២៧រូប ដែល ឯកឧត្តម យស ណាស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តតាកែវ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ប៊ុន ហុន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុងទាំង ១០នៃខេត្តតាកែវ ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សរុបប្រមាណ ១៩០នាក់ នៅសាលាខេត្តតាកែវ ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តាំផ្ញើ និងជំរុញទៅដល់សមាជិក ក្រុមប្រឹក្សាខេត្តថ្មី ត្រូវបន្តសហការផ្ទៃក្នុងឱ្យបានល្អ សហការជាមួយរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងត្រូវ បំពេញភារកិច្ចតួនាទីដោយផ្ទាល់ និងបំពេញតួនាទីដោយប្រយោល នៅក្នុងនាមជាអ្នកផ្តល់យោបល់ ជាអ្នកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវ កិច្ចការងាររបស់រដ្ឋបាលខេត្ត ដើម្បីធ្វើការវាយតម្លៃកែសម្រួល នៅចំណុចអសកម្មណាមួយ តាមរយៈរចនាសម្ព័ន្ធ ទៅតាមតួនាទីភារកិច្ច ធ្វើយ៉ាងណាឱ្យការអនុវត្តន៍ការងារឱ្យកាន់តែល្អប្រសើរ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា