រាជរដ្ឋាភិបាល អនុម័តដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីកម្ពុជាគ្មានអេដស៍

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគម្រាមកំហែង ដល់សុខភាពសាធារណៈ រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ជាពិសេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តជាឯកច្ឆន្ទ ដាក់ចេញ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីកម្ពុជាគ្មានអេដស៍។

ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ប្រមាណ ១៧០រូប ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តបេសកកម្មដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាល នីតិកាលមុនៗ ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកកម្ពស់សុខមាលភាពប្រជាជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

គោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានរៀបចំឡើងជាឧបករណ៍ដ៏មុត ស្រួច ក្នុងការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាលក្ខណៈ ពហុវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបី គឺ ទី១) ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់, ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍ ៣/១ គឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ។

អង្គប្រជុំទាំងមូល បានអបអរសាទរ រួមជាមួយការថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានកោតសរសើរចំពោះគ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានប្រឹងប្រែង បន្តចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលកំពុងកើតមានឡើងយ៉ាងណាក៏ដោយ។

បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

ទី១. ចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយជាតិ បញ្ចប់អេដស៍អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា និងចីរភាពកម្មវិធី ។

ទី២. ជំរុញទីស្តីការគណៈរដ្ឋមន្ត្រី និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្របសម្រួល ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទី៣. ជំរុញក្រសួងមហាផ្ទៃ ឱ្យណែនាំសម្របសម្រួល រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ នៅរាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យបានជោគជ័យ។

ទី៤. ជំរុញក្រសួងអធិការកិច្ច ចូលរួមធ្វើអធិការកិច្ច តាមតួនាទី ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នេះឱ្យសម្រេច តាមគោលដៅដែលបានកំណត់ ៕

អត្ថបទ៖ វណ្ណលុក
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner