ថៃទប់ស្កាត់ការជក់បារីអេឡិចត្រូនិកក្នុងចំណោមក្មេងជំទង់

បាងកក៖ ការិយាល័យគណៈកម្មការសុខភាពជាតិថៃ (NHCO) បានយល់ព្រមលើគោលការណ៍ចំនួន៥ចំនុច ដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់។

លោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្ត្រីថៃ និង ជាប្រធាន NHCO ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីចេញផ្សាយថា យុវជនគឺជាគោលដៅចម្បងរបស់ក្រុមហ៊ុនបារីអេឡិចត្រូនិក ហើយពួកគេអាចក្លាយជាអ្នកជក់បារីថ្មីបានយ៉ាងងាយ ដោយប្រឈមមុខនឹងហានិភ័យសុខភាពទាំងរយៈពេលខ្លី និងរយៈពេលវែង។ ហេតុដូច្នេះ គណៈកម្មការ NHCO កំពុងជំរុញការអនុវត្តវិធានការដ៏មានប្រសិទ្ធភាពបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីហាមឃាត់ ទាំងការនាំចូល និងពាណិជ្ជកម្មបារីអេឡិចត្រូនិក។

វិធានការទាំង៥ចំនុចដែលបានឯកភាពគ្នា ក្នុងនោះរួមមាន៖ ការគ្រប់គ្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់, ការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធ, ការត្រួតពិនិត្យ និងការអនុវត្តច្បាប់គ្រប់គ្រងបារីអេឡិចត្រូនិក, ការបង្កើតបណ្តាញដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបារីអេឡិចត្រូនិក និងការគាំទ្រគោលនយោបាយ និងវិធានការទប់ស្កាត់ និង រារាំងការប្រើប្រាស់។ គណៈកម្មការ NHCO រំពឹងថា នឹងដាក់ដំណោះស្រាយនេះ ដើម្បីស្នើសុំការឯកភាពពីគណៈរដ្ឋមន្ត្រី ហើយក៏សង្ឃឹមដែរថា ស្ថាប័នពាក់ព័ន្ធនឹងចាត់វិធានការតាមក្របខណ្ឌ។

លោកស្រី Suwanna Ruangkanchanasetr ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយសុខភាពសាធារណៈ (ការគ្រប់គ្រងបារីអេឡិចត្រូនិក) បាននិយាយថា ការជក់បារីអេឡិចត្រូនិក vape ក្នុងចំណោមអនីតិជនក្នុងប្រទេសថៃ គឺកាន់តែអាក្រក់ទៅៗ។ លោកស្រីបន្តថា ធនធានដ៏មានតម្លៃរបស់ប្រទេសថៃ គួរតែត្រូវបានការពារពីបរិស្ថានដ៏គ្រោះថ្នាក់ និងការគំរាមកំហែងដល់សុខភាព ហើយថា ការបំពុលនៃបារីអេឡិចត្រូនិចត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោក (WHO)។

ជាមួយគ្នានេះ លោកស្រីបានជំរុញឱ្យរដ្ឋាភិបាលរក្សាគោលនយោបាយរបស់ខ្លួន ក្នុងការហាមឃាត់ការជួញដូរបារីអេឡិចត្រូនិកនៅក្នុងទឹកដីថៃ ហើយវិធានការផ្លូវច្បាប់គួរតែត្រូវបានអនុវត្ត ចំពោះអ្នកប្រព្រឹត្តខុស៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner