ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤ ប្រកាសចូលកាន់តំណែង

រតនគិរី ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត
រតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤ កាលពី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តរតនគិរី។

ក្នុងឳកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរំលឹកថារយៈពេលប្រាំឆ្នាំកន្លងមក គណៈអភិបាលខេត្តសហការល្អជាមួយក្រុមប្រឹក្សាអាណត្តិទី៣ ដោយសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹងគោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ថ្លែងក្នុងឱកាសនេះឯកឧត្តម ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តរតនគិរី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត៕
ដោយៈគតិ យុត្ត

ads banner