ឯកឧត្តម សុខ លូ អញ្ជើញប្រកាសមុខតំណែងក្រុមប្រឹក្សាក្រុងបាត់ដំបងសម្រាប់អាណត្តិទី៤
បាត់ដំបងៈពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។សមាសភាពក្រុមប្រឹក្សាក្រុងបាត់ដំបងនៃខេត្តបាត់ដំបងមានចំនួន២១នាក់ រួមទាំងប្រធានមួយរូបផង។ លោក ធុច រ៉ា បានក្លាយប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបងអាណត្តិទី៤។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានអញ្ជើញជាអធិបតីក្នុងឳកាសនេះ បានចូលរួមអបអរសាទរ កោតសរសើរ និងបានវាយតម្លៃខ្ពស់ដល់អស់លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃ ក្រុមប្រឹក្សាក្រុងបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្ដល់នូវសេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង សម្រាប់អាណត្តិទី៤(២០២៤-២០២៨)ដើម្បីបន្តដឹកនាំក្រុងបាត់ដំបង សំដៅចូលរួមក្នុងការថែរក្សា នូវសុខសន្ដិភាព ស្ថេរភាព និងបន្តអភិវឌ្ឍក្រុងរបស់ខ្លួនឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ក្នុងឱកាសនេះដែរ លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ បានធ្វើការប្តេជ្ញាចិត្តចូលរួមអនុវត្តតួនាទីភារកិច្ចនូវក្នុងកិច្ចការពង្រឹងអភិបាលកិច្ចល្អនិងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋជាស្នូល ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១(២០២៤-២០២៨) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ថាក្រុមប្រឹក្សាក្រុងបាត់ដំបងមានសមាសភាពសរុបចំនួន២១រូប រួមទាំងប្រធានមួយរូប។ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៧រូប ,មកពីគណបក្សឆន្ទៈខ្មែរ ចំនួនបីរូប និងមកពីគណបក្សកម្លាំងជាតិ ចំនួនមួយរូប៕./.
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )