យោធិនផ្ទុះអាវុធត្រូវគេតាមចាប់ ប៉ុន្តែអ្នកចាក់ធុងបាសរំខានដំណេករួចខ្លួន (Video Inside)
យោធិនម្នាក់ដែលខឹងនឹងក្រុមផឹកស៊ីចាក់បាស់រំខានដំណេកអ្នកជិតខាងក្នុងពេលយប់ជ្រៅ បានផ្ទុះអាវុធបាញ់ឡើងទៅលើមួយគ្រាប់ ប៉ុន្តែបានរត់គេចខ្លួន ក្រោយការបាញ់នោះរួចមក។
ហេតុការណ៍បានកើតឡើងនាវេលាយប់ម៉ោង៩ នាថ្ងៃទី១០មិថុនា នៅបុរីសែនសុខអូរដឹម ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីបាននិយាយថា មូលហេតុដែលយោធិនម្នាក់នោះផ្ទុះអាវុធឡើងទៅលើអាកាស គឺក្រោយគាត់បានមកប្រាប់ក្រុមផឹកស៊ីទាំង ២ក្រុម ដែលចាក់ធុងបាសនោះ សូមបញ្ឈប់សកម្មភាពរំខានរបស់ខ្លួន ដល់ដំណេកអ្នកជិតខាង ប៉ុន្តែការហាមឃាត់នោះ បានបង្កឱ្យមានជាទំនាស់ពាក្យសម្តី ដែលធ្វើឱ្យយោធិននោះទ្រាំមិនបាន ក៏ដកកាំភ្លើងខ្លីបាញ់ឡើងទៅលើអាកាស ហើយគាត់បានគេចខ្លួនក្នុងពេលនោះ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ម វុទ្ធី ត្រូវគេរាយការណ៍ថា លោកបានស្នើឱ្យកងកម្លាំងរាជអាវុធហត្ថ តាមស្រាវជ្រាវលើករណីយោធិនប្រើអាវុធនោះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា តើសមត្ថកិច្ចនឹងមានវិធានការយ៉ាងណា ចំពោះការប្រើសម្លេងចាក់បាស់រំខាន របស់ក្រុមផឹកស៊ីទាំង២ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណេក របស់ប្រជាជនវេលាយប់ជ្រៅនោះឡើយ។