សមត្ថកិច្ចស្វែងរកបក្ខពួកគ្រឿងញៀនក្នុងសំណុំរឿងជួញដូរ ៤២គីឡូ (Video Inside)
សមត្ថកិច្ចបានថ្លែងថា សំណុំរឿងជួញដូរគ្រឿងញៀន ៤២គីឡូក្រាម ដែលត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ កំពុងស្វែងតាមចាប់មនុស្សពាក់ព័ន្ធបន្ថែមទៀត។
ជនសង្ស័យជាតិវៀតណាម ៨នាក់ ក្នុងនោះរួមមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនសរុប ៤២គីឡូ ក្នុងទីតាំង ៤ ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
ការបង្ក្រាបគ្រឿងញៀនទាំងបួនកន្លែងនេះ បានធ្វើកាលពីថ្ងៃទី៣ និង៤ មិថុនា ឆ្នាំ២០២៤ នៅខណ្ឌចំនួន២ គឺខណ្ឌ៧មករា និងខណ្ឌចំការមន។
យោងតាមអយ្យការសាលាដំបូងរាជធានីភ្នំពេញ, ជនជាតិវៀតណាម៧នាក់អាយុពី១៧ ដល់ ៣៣ឆ្នាំ ត្រូវបានជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៃបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រូតពិនិត្យគ្រឿងញៀន។
ចំណែកក្មេងប្រុសអាយុ១៣ឆ្នាំ ត្រូវបានសម្រេចបង្គាប់ឱ្យទទួលស្តារនីតិសម្បទា នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។
សមត្ថកិច្ចថ្លែងថា គេនឹងបន្តតាមរកបក្ខពួកដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ៤២គីឡូក្រាមនេះ។