ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិក្នុងខេត្ត និងរួមគ្នាជាកម្លាំងក្នុងការប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ

ព្រះសីហនុ៖ ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចតូច ដូច្នេះប្រសិនបើមានការខ្វែងគំនិតគ្នានោះអ្នកដែលខាតបង់ផលប្រយោជន៍ធំជាងគេគឺប្រជាជន ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវរួបរួមគ្នាជ្រោងទង់សាមគ្គីឯកភាពជាតិផ្ទៃក្នុងឱ្យបានល្អ និងចូលរួមលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតនិងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រដ្ឋបាលខេត្តដែលបានជួយសម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឱ្យប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ អំឡុងពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ដែលទាំងនេះបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ក្នុងការធានានូវដំណើរការបោះឆ្នោតនៅកម្ពុជាឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ រលូន និងមានតម្លាភាព ដែលនេះជាមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner