ថៃសង់ផ្លូវដែកល្បឿនលឿនភ្ជាប់ព្រលានអន្តរជាតិធំៗ នៅឆ្នាំក្រោយ

កាសែតថៃ The Nation បានចេញផ្សាយ នៅថ្ងៃអង្គារនេះ ដោយផ្អែកតាម ប្រភពពីក្រុមប្រឹក្សាភិបាលច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ហៅកាត់ EEC ឲ្យដឹងថា បណ្តាញផ្លូវដែកល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិចំនួនបី រួមមាន ព្រលាន Don Mueang, Suvarnabhumi និង U-Tapao គ្រោងនឹងចាប់ផ្តើមសាងសង់ ជាផ្លូវការ នៅខែមករា ឆ្នាំ២០២៥។
 
គម្រោងនេះត្រូវបានបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនបួនរបស់ EEC ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃចន្ទ។
 
The Nation បានឲ្យដឹងដែរថា គម្រោងនេះ ធ្លាប់ត្រូវបានគណៈរដ្ឋមន្ត្រីថៃ ឯកភាព តាំងពីខែមីនា ឆ្នាំ២០១៨ ប៉ុន្តែទើបត្រូវអាជ្ញាធរផ្លូវដែកថៃ ហៅកាត់ SRT និងដៃគូឯកជនបានស្នើសុំពិនិត្យគម្រោងឡើងវិញ។
 
EEC បាននិយាយថា ផែនការសាងសង់ ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីថៃ នៅខែកក្កដា។ ក្រោយពេលទទួលបានការយល់ព្រម ភាគីដៃគូឯកជននឹងទទួលបានការជូនដំណឹង ដើម្បីបន្តសកម្មភាព។ ប៉ុន្តែការចេញផ្សាយចុងក្រោយរបស់ The Nation មិនបានបញ្ជាក់ពីតម្លៃសរុប នៃការវិនិយោគ និងប្រវែងសរុប នៅឡើយទេ។
 
បើតាមផ្អែកប្រភពពីកាសែត BangkokPost ធ្លាប់បានចេញផ្សាយ កាលពីដើមឆ្នាំ២០២៣ បង្ហាញឲ្យដឹងថា ផ្លូវដែកមួយនេះ មានប្រវែង២២០ គីឡូម៉ែត្រ ក្នុងតម្លៃវិនិយោគ ជាង៦ពាន់ដុល្លារ អាចនឹងសង់រួចរាល់ នៅឆ្នាំ២០២៩។ រថភ្លើងនឹងរត់ ក្នុងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង លាតសន្ធឹងលើខេត្តចំនួន៥ និង មានស្ថានីយសរុប ចំនួន៩៕
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner