អ្នកជិះយន្តហោះជួបខ្យល់គួចទទួលបានសំណងពីអាកាសចរសិង្ហបុរី

ក្រុមហ៊ុនអាកាសអាកាសចរសិង្ហបុរី Singapore Airlines នៅថ្ងៃអង្គារនេះ បានប្រកាសផ្តល់សំណងដល់អ្នកដំណើរក្នុងហេតុការខ្យល់គួចយន្តហោះដែលកើតឡើងកាលពីថ្ងៃទី ២០ ខែឧសភា នៅពេលយន្តហោះកំពុងបណ្តែតខ្លួនលើអាកាស។
 
ក្រុមហ៊ុននេះបានឲ្យដឹងថា អ្នកដំណើរដែលរងរបួសធ្ងន់នឹងទទួលបានសំនងចំនួន២ម៉ឺន៥ពាន់ដុល្លារ។ អ្នករបួសស្រាល បាន១ម៉ឺនដុល្លារ។ ចំណែកអ្នកដំណើរផ្សេងទៀត រួមទាំងអ្នកមិនមានរបួសនឹងទទួលបានសំណងថ្លៃសំបុត្រយន្តហោះត្រលប់វិញ ព្រមទាំងសងការខូចខាតលើការពន្យាពេលវេលាធ្វើដំណើរ ដែលស្របតាមច្បាប់អាកាសចរណ៍អន្តរជាតិផងដែរ។
 
Singapore Airlines បញ្ជាក់ថា ក្រុមហ៊ុនបានទូទាត់សំណងបន្ទាន់សម្រាប់អ្នកដំណើរទាំងអស់ កាលពីថ្ងៃចន្ទ ប៉ុន្តែ សំណងលើការខូចខាតផ្សេងទៀត ក្រុមហ៊ុននឹងការពិភាក្សាបន្ថែម។
 
យ៉ាងណាក៏ដោយ ពុំទាន់មានការអះអាង ពីសំណងសម្រាប់បុគ្គលិកបម្រើការងារ លើយន្តហោះទាំង ចំនួន១៨នាក់ នៅឡើយទេ។ ចំពោះសំណងដល់ក្រុមគ្រួសាររបស់អ្នកស្លាប់ ក៏មិនត្រូវបានបញ្ជាក់ផងដែរ បើផ្អែកតាមការជូនដំណឹងចុងក្រោយនេះ។
 
គួររម្លឹកថា អ្នកដំណើរជនជាតិអង់គ្លេសម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅពេលដែលជើងហោះហើរ SQ 321 ផ្ទុកអ្នកដំណើរ ជាង២០០នាក់បានជួបប្រទះនឹងភាពចលាចល ឬ ខ្យល់កួចយន្តហោះ កាលពីថ្ងៃទី២០ ខែឧសភា។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា យន្តហោះបានបង្កើនល្បឿន យ៉ាងលឿន ឡើងនិងចុះភ្លាមៗ ក្នុងនោះ ត្រឹមរយៈពេលជិត៥វិនាទី យន្តហោះបានហោះចុះក្រោម ប្រហែល៥៤ម៉ែត្រ ៕
 
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner