ស្ពានពីរខ្សែក្នុងសង្កាត់ព្រះពន្លាកំពុងពន្លឿនការសាងសង់

បន្ទាយមានជ័យ៖ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយ មានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានបេតុងពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចកនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ស្ពាននេះប្រវែង១០៨ម៉ែត្រ,ទទឹង១០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ មានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ការរបន្តចាប់ផ្តើមការសាងសង់ស្ពានបេតុងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦)ឡើងវិញចាប់ពីថ្ងៃទី៥ ខែឧសភាដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។នាពេលនេះដំណើរការបានជាង៤០ភាគរយហើយ។ម៉្យាងវិញទៀតការសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ាត់ ដូចជាធ្វើការពិនិត្យទៅលើគុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ស្ពានទាំងពីរខ្សែនេះមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

គួរបញ្ជាក់ថា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទទួលបានស្ពានបេតុងថ្មី អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួនពីរ។ ១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕
ដោយ៖ឃិន គន្ធា

ads banner