កូនដំរីភ្លោះញី-ឈ្មោលដ៏កម្រកើតនៅប្រទេសថៃ
បាងកក៖ យោងតាមមូលនិធិ Phra Kochaban របស់ប្រទេសថៃ បានឱ្យដឹងថា មេដំរីមួយក្បាលមានអាយុ ៣៦ឆ្នាំ ឈ្មោះ Chamchuree បានផ្តល់កំណើតឱ្យកូនដំរីភ្លោះ ញីមួយក្បាល និង ឈ្មោលមួយក្បាល ដែលនេះជាព្រឹត្តិការណ៍ដ៏កម្រមានសម្រាប់សត្វដំរី។
ប្រធានមូលនិធិ Phra Kochaban លោក Laithongrian Meephan បាននិយាយកាលពីថ្ងៃសៅរ៍ថា កូនដំរីភ្លោះទាំងពីរក្បាលនេះ បានកើតនៅក្នុងភូមិ Royal Elephant Kraal ក្នុងស្រុក Phra Nakhon Si Ayutthaya កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ លោកបន្តថា មេដំរី Chamchuree បានបង្កើតកូនដំរីឈ្មោលដំបូង មានទម្ងន់ ៨០គីឡូក្រាម ហើយ ១៨នាទីក្រោយមក ទើប សម្រាលបានកូនដំរីញីមួយក្បាលទៀត មានទម្ងន់ ៦០គីឡូក្រាម បានបង្កការភ្ញាក់ផ្អើល និងភាពសប្បាយរីករាយជាខ្លាំងដល់អ្នកមើលថែដំរី។
លោកបន្ថែមថា កូនដំរីភ្លោះញី-ឈ្មោលនេះ គឺជាការចាប់កំណើតដំរីលើកទី៩៤ និង៩៥របស់នៅភូមិ kraal ក្នុងរយៈពេល ២៧ឆ្នាំមកនេះ ហើយដំរីឈ្មោលដែលជាឪពុករបស់កូនដំរីភ្លោះនេះ គឺដំរីអាយុ ២៩ឆ្នាំឈ្មោះ Siam។ ជាធម្មតា កូនដំរីភ្លោះតែងតែមានភេទដូចគ្នា ប៉ុន្តែកូនដំរីភ្លោះដែលមានភេទផ្សេងគ្នា គឺជារឿងកម្រណាស់ ហើយអាចជារឿងដំបូងបំផុតរបស់ពិភពលោក ដែលកូនដំរីភ្លោះមានភេទខុសគ្នា។
កូនដំរីភ្លោះនេះ គេនឹងដាក់ឈ្មោះឱ្យពួកវាក្នុងពេល ៧ថ្ងៃក្រោយកើត នេះបើតាមទំនៀមទម្លាប់របស់ថៃ។
យោងតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានឱ្យដឹងថា ដំរីអាស៊ីប្រហែល ៨,០០០ក្បាល ទៅ ១១,០០០ក្បាលនៅតែវត្តមាននៅក្នុងព្រៃ។ សត្វដំរីដែលធ្លាប់តែកើនឡើង ប៉ុន្តែការកាប់បំផ្លាញទន្ទ្រានព្រៃឈើរបស់មនុស្ស និងការបរបាញ់សត្វ បានធ្វើឱ្យចំនួនរបស់សត្វដំរីថយចុះ៕ ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា