ឯកឧត្តម ញ៉ែម សំអឿន ជំរុញឱ្យក្រុមប្រឹក្សាក្រុងបានលុងបន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ

រតនគិរី៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ណាប់ ប៊ុន
ហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានជំរុញឱ្យក្រុមប្រឹក្សាក្រុងបានលុងអាណត្តិទី៤ បន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់ វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយ សេចក្តីស្មោះត្រង់ជាទីបំផុត ។ បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើ ផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ន នីមួយៗ ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាលលុងដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តក្រុងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ។

ឯកឧត្តមបានថ្លែងបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ ៕

ដោយ ៖ គតិ យុត្ត

ads banner