ដាវ លីឌុច នៅតែបន្តឆន្ទៈចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ការប៉ះគ្នាជាពាក្យសំដីបង្កជាជម្លោះលើបណ្តាញសង្គមហ្វេសបុករវាង ឯកឧត្តម ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់ កាណាដា មីយ៉ាន់ម៉ា ត្រូវបានដោះស្រាយបញ្ចប់រឿងហើយ នាល្ងាចថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបសម្រុះសម្រួលនេះ បានធ្វើឡើង នៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការសម្របសម្រួល ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយជំនួបសម្រុះសម្រួល ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា ជំនួបរវាង ដាវ លីឌុច និងរូប ឯកឧត្តម គឺបានដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយជំនួបនោះ ភាគីទាំងពីរឈានទៅដល់ការយល់អំពីគ្នាច្រើន ។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា កន្លងមកកីឡាករ ដាវ លីឌុច ចំណុចដែលគាត់ធ្វើមានចំណុចមួយចំនួនមិនត្រឹមត្រូវទៅតាមវប្បធម៌ខ្មែរយើង ក៏ដូចជាមិនត្រឹមត្រូវទៅតាមអ្វីដែលសហព័ន្ធប្រដាល់គុនខ្មែរចង់បាន ។ ដូច្នោះហើយនៅក្នុងជំនួបនោះ សហព័ន្ធបានណែនាំគាត់អ្វីគួរធ្វើ និងអ្វីដែលពុំគួរធ្វើ ប្រសិនបើគាត់ស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់គុនខ្មែរពិតប្រកដ និងចង់រស់នៅប្រទេសកម្ពុជាដោយមានសេចក្តីសុខ គឺគាត់ត្រូវសហការឱ្យបានជិតស្និតជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីណែនាំគាត់ តើធ្វើបែបណាជាការប្រម៉ូតលើកស្ទួយគុនខ្មែរ ។

កីឡាករ ដាវ លីឌុច បានគូសបញ្ជាក់ថា បញ្ហាកើតឡើងកន្លងមកជាមួយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ គឺជារឿងយល់ច្រឡំគ្នាប៉ុណ្ណោះ ។ ប៉ុន្តែឥលូវពេលបានជួបគ្នាដោយផ្ទាល់គ្រប់រឿងបញ្ហាដែលយល់ច្រឡំលើគ្នាបានបញ្ចប់ និងដោះស្រាយយល់គ្នាទាំងអស់ ។ សម្រាប់ខ្ញុំពេលខាងមុខ គឺខ្ញុំប្រកាន់ជំហរជួយលើកស្ទួយគុនខ្មែរទៅកាន់ឆាកជាតិ និ ងអន្តរជាតិ ។

បើយោងតាមការបញ្ជាក់ របស់ឯកឧត្តម ខូវ ឆាយ រឿងឡើងសង្វៀនរបស់ កីឡាករ ដាវ លីឌុចនៅកម្ពុជា គឺមិនបានលើកឡើងនោះទេ ។

ឯកឧត្តម អះអាងថា សម្រាប់ការជួយលើកស្ទើយផ្សព្វផ្សាយគុនខ្មែររបស់ ដាវ លីឌុច នៅក្នុងប្រទេសកម្ពុជា គឺការចូលរួមក្នុងកម្មវិធីប្រដាល់ប៉ុណ្ណោះ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន និងតាមរយៈការផ្សាយពាណិជ្ជកម្មជាដើម ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner