Start Up អង់គ្លេសកែច្នៃទឹករលក បង្កើតជាថាមពលស្អាត
ក្រុមហ៊ុនធុរកិច្ចចាប់ផ្តើមថ្មី ឬ Start Up នៅអង់គ្លេស Spiralis Energy កំពុងស្វែងរកការអនុញ្ញាត ពីរដ្ឋាភិបាល ឱ្យសាកល្បង ម៉ាស៊ីនបង្កើតប្រភពថាមពល ដែលកែច្នៃពីទឹករលក នៅតំបន់ Alderney ភាគខាងជើងបំផុត នៃប្រជុំកោះអង់គ្លេស Channel Islands។
ប្រសិនបើជោគជ័យ ការសាកល្បងនេះអាចនាំឱ្យមានឱកាសចំណេញខាងសេដ្ឋកិច្ច និងជាប្រភពថាមពលកកើតឡើងវិញ ឬថាមពលស្អាតជួយដល់បរិស្ថាន សម្រាប់តំបន់ Alderney ទាំងមូល។
គណៈកម្មាធិការគោលនយោបាយ និងហិរញ្ញវត្ថុប្រចាំតំបន់ Alderney ហៅកាត់ PFC បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន ជាគោលការណ៍ សម្រាប់ការសាកល្បង ក្រោមគោលបំណងជំរុញថាមពលស្អាត ប៉ុន្តែបានស្នើសុំ ឲ្យមានការបង្ហាញលម្អិតបន្ថែម ពីក្រុមហ៊ុន Spiralis មុនពេលយល់ព្រម លើការសាកល្បង។
ប្រធាន PFC លោក Nigel Vooght បានចាត់ទុកថា នេះគឺឱកាសមួយក្នុងការប្រើប្រាស់ ធនធានទឹកជំនន់ សម្រាប់បង្កើតថាមពលពីទឹករលក។
Spiralis ក៏បានសហការ ជាមួយកំពង់ផែ នៅតំបន់ Alderney ដើម្បីសិក្សាពីការប្រើប្រាស់ទីតាំងដំឡើងម៉ាស៊ីន ប្រសិនបើការសាកល្បងនេះដែរ។
Spiralis ត្រូវបានផ្តល់ហិរញ្ញប្បទាន ជាជំនួយឥតសំណង ដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងការចូលរួមពីផ្នែកឯកជន។ Spiralis នឹងស្វែងរកសេវាកម្មអាជីវកម្ម និងការជ្រើសរើសបុគ្គលិក ក្នុងស្រុក ហើយប្រសិនបើការសាកល្បងទទួលបានជោគជ័យ វាក៏នឹងពិចារណាបង្កើតក្រុមហ៊ុនសាខា និងផ្តល់ថាមពលស្អាត ក្នុងតម្លៃទាប៕
ប្រភពពី Channeleye ប្រែសម្រួល៖ សារ៉ាត