Start Up កូរ៉េខាងត្បូង ផ្តើមសេវាកម្ម «ឧទ្ធម្ភាគចក្រតាក់ស៊ី»

សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការសេវាឧទ្ធម្ភាគចក្រតាក់ស៊ី ដោយផ្តល់ចម្ងាយផ្លូវហោះហើរ ពីសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ទៅកាន់អាកាសយានដ្ឋាន។ ក្រុមហ៊ុនដែលទើបផ្តើមធុរកិច្ច ឬ ក្រុមហ៊ុន Start Up មួយនេះ បាននិយាយថា ការណ៍នេះបានកាត់បន្ថយពេលវេលាធ្វើដំណើរ ចន្លោះពី ជិត២ម៉ោង ទៅ២០នាទី។

ក្រុមហ៊ុនបានប្រាប់ថា សម្រាប់តម្លៃវិញ ក្នុងមួយម៉ោង គឺ៣២០ដុល្លារ សម្រាប់សេវាកម្មឧទ្ធម្ភាគចក្រតាក់ស៊ី Vonaer ប្រភេទនេះ ហើយខ្លួនកំពុងដំណើរការសាកល្បង រយៈពេលប្រាំមួយខែ។

លោក Shin Min នាយកប្រតិបត្តិនៃក្រុមហ៊ុន Start up Moviation បាននិយាយថា ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន មានសុវត្ថិភាព ហើយអ្នកបើកបរមានបទពិសោធន៍ច្រើន ប៉ុន្តែ សេវាកម្មនេះត្រូវតែផ្អាក ប្រសិនបើបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។

លោកបានបន្តថា «អាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសខ្នាតតូច មិនទាន់មាន នៅកូរ៉េខាងត្បូងទេ ដោយសារតែសាធារណជនមិនទាន់ទម្លាប់នឹងសេវាកម្មនេះ ហើយហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ មានការខ្វះខាត»។

ក្រុមហ៊ុនកូរ៉េខាងត្បូង ផ្សេងៗទៀត ក៏កំពុងសម្លឹងមើលទីផ្សារតាក់ស៊ីអាកាសចរណ៍ ឬ សេវាចល័តខ្យល់ ក្នុងទីក្រុង ហៅកាត់ UAM ផងដែរ។ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ SK Telecom បានបង្ហាញ «តាក់ស៊ីផ្លូវអាកាស» កាលពីឆ្នាំមុន ដែលខ្លួនសង្ឃឹមថា នឹងជួយដោះស្រាយបញ្ហាកកស្ទះ ក្នុងទីក្រុងនានា របស់ប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃថោក។ ក្រុមហ៊ុនគ្រោងដំណើរការ តាក់ស៊ីអាកាសនេះ នៅចុងឆ្នាំ២០២៤៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner