ក្រុមហ៊ុនបន្ទះឈីប Intel បញ្ឈប់ការពង្រីករោងចក្រតម្លៃ ២៥ពាន់លានដុល្លារនៅអ៊ីស្រាអែល

ហ៊្សេរុយសារឡឹម៖ ក្រុមហ៊ុន Intel កំពុងបញ្ឈប់ការពង្រីកគម្រោងរោងចក្រដ៏ធំមួយក្នុងប្រទេសអ៊ីស្រាអែល ដែលខ្លួនគ្រោងបង្កើនការចំណាយបន្ថែមចំនួន ១៥ពាន់លានដុល្លារទៀត សរុប ២៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបខ្នាតយក្ស។

ក្រុមហ៊ុនបន្ទះឈីបអាមេរិក Intel កាលពីខែធ្នូ បាននិយាយថា ខ្លួននឹងពង្រីកគម្រោងមានតម្លៃ ១០ពាន់លានដុល្លារ ដែលកំពុងដំណើរការនៅឯទីតាំង Kiryat Gat ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងសាងសង់។

ប៉ុន្តែក្រុមហ៊ុន Intel កាលពីថ្ងៃចន្ទបានប្រកាសបញ្ឈប់គម្រោងពង្រីករោងចក្រផលិតបន្ទះឈីបនៅប្រទេសអ៊ីស្រាអែល ទាំងដែលមិនបានផ្តល់ហេតុផល ហើយក៏មិនជាប់ទាក់ទិននឹងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាសនៅហ្គាហ្សាដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែជាកន្លែងផលិត និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ R&D សកលដ៏សំខាន់មួយរបស់យើង ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការវិនិយោគក្នុងតំបន់នេះ។

Intel បន្តថា ការគ្រប់គ្រងគម្រោងខ្នាតធំ ជាពិសេសនៅក្នុងឧស្សាហកម្មរបស់យើង ជារឿយៗពាក់ព័ន្ធនឹងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា។ ហើយការសម្រេចចិត្តណាមួយ គឺផ្អែកលើលក្ខខណ្ឌអាជីវកម្ម សក្ដានុពលទីផ្សារ និងការគ្រប់គ្រងដើមទុនប្រកបដោយការទទួលខុសត្រូវ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Intel បានឱ្យដឹងថា អ៊ីស្រាអែល គឺជាប្រទេសធំជាងគេទី៣ សម្រាប់ប្រតិបត្តិការរបស់ Intel បន្ទាប់ពីសហរដ្ឋអាមេរិក និងអៀរឡង់។ ក្នុងកំឡុងឆ្នាំ ២០១០ ក្រុមហ៊ុន Intel បានក្លាយជានិយោជកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាដ៏រីកចម្រើនរបស់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner