ជម្លោះប្រដាប់អាវុធក្នុងឆ្នាំ ២០២៣ កើនឡើងខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២

អូស្លូ៖ ជម្លោះប្រដាប់អាវុធកាន់តែច្រើនបានកើតឡើងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ ពោលច្រើនជាងបណ្តាឆ្នាំផ្សេងៗទៀត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ នេះបើយោងតាមការសិក្សារបស់ប្រទេសន័រវេស ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ ហៅកាត់ថា (PRIO) បានឱ្យដឹងថា កាលពីឆ្នាំមុន មានជម្លោះចំនួន៥៩ករណី ដែលក្នុងនោះ ២៨ករណីស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប៉ុន្តែចំនួនប្រទេសដែលជួបប្រទះជម្លោះបានធ្លាក់ចុះពី៣៩ប្រទេសក្នុងឆ្នាំ ២០២២ មកត្រឹម៣៤ប្រទេស។

ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធក៏បានធ្លាក់ចុះពាក់កណ្តាលផងដែរ មកនៅត្រឹម ១២២,០០០នាក់ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ Uppsala របស់ប្រទេសស៊ុយអែត អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា។

តួលេខនេះនៅតែជាចំនួនខ្ពស់បំផុតទីបី ចាប់តាំងពីឆ្នាំ ១៩៨៩ ដោយសារតែការកើតមានសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

ខណៈពេលដែលតួលេខអ្នកស្លាប់ក្នុងសមរភូមិបានថយចុះកាលពីឆ្នាំមុន ចំនួនដែលប្រមូលបានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ គឺជាចំនួនខ្ពស់បំផុត បើធៀបនឹង ៣០ឆ្នាំមុន។ ជម្លោះប្រដាប់អាវុធសរុបចំនួន២៨ករណី ត្រូវបានចុះបញ្ជីនៅទ្វីបអាហ្រ្វិក បន្ទាប់មកអាស៊ីមាន១៧ករណី មជ្ឈិមបូព៌ាមាន១០ករណី អឺរ៉ុបមាន៣ករណី និងអាមេរិកមានមួយករណី។

យោងតាមរបាយការណ៍របស់វិទ្យាស្ថាន PRIO បាន ឲ្យ ដឹង ថា ការ កើន ឡើង នៃ ជម្លោះ នេះ ក៏ ដោយសារ តែ ការ រីករាល ដាល នៃ សកម្មភាព ក្រុម ជ្រុល និយម ISIS នៅ ជុំវិញ តំបន់ អាស៊ី និង មជ្ឈិមបូព៌ា បូក រួម ទាំង ការ បង្កើត ថ្មី នៃ ក្រុម សកម្ម ជន ប្រឆាំង មិន មែន រដ្ឋាភិបាល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner