ប្រធានរដ្ឋសភាកម្ពុជា សង្ឃឹមជឿជាក់ថា ឯកអគ្គរដ្ឋទូតគុយបា អណត្តិថ្មី ពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា អប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។

ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតំាងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បញ្ជាក់ថា កម្ពុជាដូចជាប្រទេសទី២ ឬផ្ទះទី២ របស់លោកជំទាវ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា ហើយអ្វីដែលគុយបាប្រាថ្នាចង់បាន គឺសាមគ្គីភាព និងការធ្វើការរួមគ្នា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរហើយត្រូវបានបន្តពូនជ្រុំ តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និង អតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគាំទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភាធិបតី ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner