ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី ៤ចំនួន ២៣ រូប
កំពង់ឆ្នាំង៖ សមាសភាព២៣រូប ត្រូវបានប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារសម្រាប់អាណត្តិទី៤ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរខេត្តកំពង់ឆ្នាំង លោកឈិន សេង ងួន អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត។
យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងចំនួន២៣រូប ក្នុងអាណត្តិទី៤ ។ក្នុងនេះឯកឧត្តម ស៊ីវ រុន ជាប្រធានក្រុមប្រឹក្សាខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ថ្លែងនូវការអបអរសាទរនិងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និងប្រកាន់និន្នាការនយោបាយ។
ឯកឧត្តមបានបន្តឱ្យយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ៕
ដោយ៖សុខ គឹមសៀន