ក្រសួងការងារបើកសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧
(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » នៅឆ្នាំនេះ នឹងមានអ្នកចូលរួមលើសពី ៦មុឺននាក់ ដោយតាមរយៈទិវានេះនឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ជាពិសេសយុវជន ពីការសិក្សាវិទ្យាសាស្រ្តសង្គម មកសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលទីផ្សារការងារមានតម្រូវការខ្ពស់នៅកម្ពុជា។
បន្ថែមពីនេះ ទិវាជាតិនេះនឹងពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង ៣៧ នៅទូទាំងប្រទេស ក្នុងទិសដៅស្រូបទាញយុវជនគោលដៅមកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំពឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នឹងរៀបចំនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ នឹងមានការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិពរណ៍ចំនួន ១២៥ ដោយមានការចូលរួមពីស្ថាបន័ចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថានឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល ។
ក្នុងឱកាសនោះ ឯកឧត្តម កត្តា អ៊ន អំពាវនាវឱ្យយុវជន សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ចូលរួមឱ្យបានច្រើនកុះករដើម្បីទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹងថ្មីៗ ឱកាសរៀន តេស្ដបញ្ជាក់សមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងឱកាសទទួលបានការងារធ្វើ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា