រាជធានីភ្នំពេញ និង ខេត្តស្វយ័ត ជេជូ (JeJu) នៃសាធារណៈរដ្ឋកូរ៉េ ចុះហត្ថលេខាយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ដើម្បីបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានជួបប្រជុំ និងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រវាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមអូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ(JeJu)នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោង នឹងបើកការដ្ឋាននាពេលខាងមុខនេះ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េ បានបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើនផងដែរ។

ឯកឧត្តម បានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក។

ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើង ពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា ៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ ។

ឯកឧត្តម អូ យ៉ុងហ៊ុន បានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា និង សម្ដេច ហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងប្រទេសកូរ៉េ និង ប្រទេសកម្ពុជា។ សម្ដេចបវរធិបតីបានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេច នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ជាលទ្ធផលយើងបានចុះ MOU ជាមួយរាជធានីភ្នំពេញ ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ផងដែរថា ទីក្រុងជេជូមានប្រជាពលរដ្ឋត្រឹមតែ ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា ១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរយើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពលជាមួយកម្ពុជា។ យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តម អូ យ៉ុងហ៊ុន ក៏បានអញ្ជើញឯកឧត្តមឃួង ស្រេងនិងប្រតិភូរាជធានីភ្នំពេញទៅទស្សនៈកិច្ចនៅកោះជេជូផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner