សិង្ហបុរីត្រៀមបញ្ជូនផ្កាយរណបដំបូងគេ ដែលហោះគៀកផែនដីបំផុតនៅឆ្នាំ ២០២៥
សិង្ហបុរី៖ ផ្កាយរណបដំបូងបង្អស់របស់ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ខាងមុខ។ សិង្ហបុរីបានអះអាងថា វានឹងក្លាយជាផ្កាយរណបដំបូងគេ ដែលហោះហើរគៀកនឹងផែនដីបំផុត។
ផ្កាយរណបនេះ ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Nanyang Technological University (NTU) ហើយវានឹងរួចរាល់សម្រាប់ប្រតិបត្តិការហោះហើរនៅទីអវកាសនាពាក់កណ្តាលឆ្នាំ ២០២៥។
ផ្កាយរណបមានកម្ពស់ត្រឹម ១.៣ម៉ែត្រ គេដាក់ឈ្មោះថា Extremely Low Earth Imaging Technology Explorer ហៅកាត់ថា (Elite) នេះ នឹងហោះហើរមានចម្ងាយត្រឹមតែ ២៥០គីឡូម៉ែត្រប៉ុណ្ណោះពីលើផែនដី ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងការចាប់យករូបភាពដែលមានគុណភាពខ្ពស់។ ជាទូទៅ ផ្កាយរណបភាគច្រើនហោះហើរនៅក្នុងលំហអាកាស ក្នុងចម្ងាយយ៉ាងតិច ៥០០គីឡូម៉ែត្រ ទៅ ៨០០គីឡូម៉ែត្រ ពីលើផែនដី។
ក្នុងនាមជាផ្កាយរណបស្រាវជ្រាវ Elite ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែល១ឆ្នាំកន្លះនៅក្នុងលំហអាកាស ដើម្បីសាកល្បងឧបករណ៍វិទ្យាសាស្រ្តមួយចំនួន ដែលជាឧបករណ៍ផលិតក្នុងស្រុកផ្ទាល់របស់សិង្ហបុរី ថាតើវាអាចទៅរួចដែរឬអត់ មុនពេលបំពាក់បច្ចេកវិទ្យាទាំងនេះនៅក្នុងផ្កាយរណបដទៃទៀត ដែលគ្រោងបញ្ជូនទៅក្នុងលំហអាកាសបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាផ្ទះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសក្នុងស្រុក និងអន្តរជាតិជាង៦០ ដែលប្រមូលផ្តុំដោយអ្នកជំនាញ និងអ្នកស្រាវជ្រាវសរុបជាង ២,០០០នាក់។ ចាប់តាំងពីឆ្នាំ ២០១១ សិង្ហបុរីបានបាញ់បង្ហោះផ្កាយរណបជាង៣០គ្រឿងហើយ៕
ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា